ឆេះគ្មានសល់!!! ឡានពីរគ្រឿងត្រូងឆេះអស់​ខ្ទេចហើយ

(ខេត្ត​ព្រះ​សីហ​នុ)៖ រថយន្ត​ចំនួន​២​គ្រឿង​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​សល់​តែ​ឆ្អឹង នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ២០១៩ វេលា​ម៉ោង​០៥ និង​៥០​នាទី​ព្រឹក នៅចំណុច​កែង​ផ្ទះ​ពស់ (​ជិត​អតីត​ព្រះរាជ​ដំណាក់​) ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ០​៣ ក្រុងព្រះសីហនុ ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ឆេះ​នេះ​ គឺ​បង្ក​ដោយ​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី​នៅ​បង្គោល​ភ្លើង ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល ​គេ​នៅ​មិន​ទាន់​រក​ម្ចាស់​រថយន្ត​ខាងលើ​ឃើញ​នៅឡើយ​ទេ​ ។
តាម​ប្រភព​មិន​ផ្លូវការ​ឱ្យ​ដឹង​ថា អាច​ជា​រថយន្ត​ដែល​ជួល ​ឬ​សម្រាប់​ដឹក​ជនជាតិ​ចិន​បើក​យក​មក​ចត​ចោល​ក្រោម​ម្លប់​បង្គោល​ភ្លើង ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ករណី​ឆ្លង​ចរន្តអគ្គិសនី​នៅ​បង្គោល​ភ្លើង បណ្តាល​ឱ្យ​ឆេះ​ខ្សែរភ្លើង និង​ខ្សែរកាប ធ្លាក់​មក​ចំ​រថយន្ត​ចំនួន០​២​គ្រឿង​ ដែល​ចត​នៅ​ក្បែរ​នោះ​គឺ​ម៉ាក​ស្តា​រិច ឆេះ​ខូចខាត​ទាំងស្រុង និង​ឆេះ​ខូចខាត​ប្រអប់​ភ្លើង​លើ​បង្គោល​១​ប្រអប់ ។

លោកស្នងការ​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម​ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​០២​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ មិន​ឲ្យ​រាលដាល​ដល់​លំនៅ​ឋាន ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​រថយន្ត តែ​មិន​អាច​ជួយ​ស្រោចស្រង់​រថយន្ត​ដែល​ឆេះ​ហុយផ្សែង​ងងឹត​មេឃ​នោះ​បាន​ទេ ដោយសារ​តែ​ការ​ឆេះ​នោះ​សន្ធោសន្ធៅ​រួច​ទៅ​ហើយ ។

មាន​មតិ​មួយ​ចំនួន​បាន​និយាយ​ថា ម្ចាស់​រថយន្ត​ គួរតែ​ទារ​សំណង​ពី​អគ្គិសនី ។ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ទេពី​មន្ត្រី​អគ្គិសនី ជុំវិញ​បញ្ហា​ទុ​ស្សេ​ឆេះ​បង្គោល​ភ្លើង ធ្លាក់​សំណុំ​ភ្លើង​បង្ក​ឱ្យ​ឆេះ​រថយន្ត​គួរ​ឱ្យ​ភ្ញាក់ផ្អើល
នេះ ​។