ព្រះមហាក្សត្យ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ អោយបញ្ចប់មុខតំណែងសមាជិកនៃ ឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​ ចំនួន៣រូប

ភ្នំពេញ៖ កាលពីថ្ងៃពុធ ៥រោច​ ខែចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់អោយបញ្ចប់មុខតំណែង សមាសភាពឧត្តមប្រឹក្សាពិគ្រោះ និងយោបល់ ចំនួន២រូប និងមន្ត្រីលេខាធិការដ្ឋាន ឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចំនួន១រូប។

ក្នុងព្រះរាជក្រឹត្យនោះ បានត្រាស់បង្គាប់អោយបញ្ចប់មុខតំណែង លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា មានឋានៈស្មើទេសរដ្ឋមន្ត្រី និងលោក ចន្ទ ភាព មានឋានៈស្មើរដ្ឋមន្ត្រី។ បញ្ចប់មុខតំណែងលោកស្រី ច័ន្ទ មុនី លក្ម្សី ពីសមាសភាពមន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មានឋានៈស្មើអនុរដ្ឋលេខាធិការ។

សូមបញ្ជាក់ថា លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា អតីតប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនជាមួយនឹងសហការីម្នាក់ទៀត កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ យោងតាមដីការបស់តុលាការ ដោយ​ចោទ ប្រកាន់ អំពីការញុះញង់ទន្ទ្រានយកដីសហគមន៍ ដើម្បីបង្កើត ឲ្យមានអំពើហិង្សា ៕