លោក ងួន រតនៈ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលល្បាយថ្មភ្នំ ១ខ្សែប្រវែង ១៥គីឡូម៉ែត្រ

បាត់ដំបង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានជួសជុលផ្លូវក្រាលល្បាយថ្មភ្នំ ១ខ្សែប្រវែង ១៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។

នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោកទីប្រឹក្សារាជរដ្ឋាភិបាល លោក ទីប្រឹក្សាសម្តេចក្រឡាហោម លោកអភិបាលរងខេត្ត ប្រធានមន្ទីរ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុស្ស បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

សូមបញ្ជាក់ថា គម្រោងផ្លូវ១ខ្សែនេះជាគម្រោង របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រោមជំនួយរបស់ប្រទេសអាឡឺម៉ង់ ដែលកាត់ភូមិចំនួន៥ ក្នុងឃុំត្រាង ស្រុកកំរៀងខត្តបាត់ដំបង។

បន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋាន រួចមក លោកអភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងអ្នករួមដំណើរ បានអញ្ជើញប្រគល់ផ្ទះថ្មី១ខ្នង និងផ្ទះកំពុងសាងសង់ថ្មី១ខ្នង ជូនដល់ប្រជាពលរដ្ឋ២គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ព្រមទាំងបានប្រគល់អំណោយមួយចំនួនជូនដល់ទាំង ២គ្រួសារ ដែលគ្រួសារទី១ ទទួលបានអង្ករ ១ការ៉ុង មី២កេស ទឹកសុទ្ធ១កេស និងថវិកាចំនួន ២០០,០០០រៀល ព្រមទាំងមានការចូលរួមបន្ថែមពី ក្រុមចលនាយុវជន ១៥៧ ខេត្តបាតដំបង មានអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ និង ថវិកាមួយចំនួនថែមទៀត និងគ្រួសារទី២ ទទួលបាន អង្ករ ១ការ៉ុង មី២កេស ទឹកសុទ្ធ១កេស និងថវិកាចំនួន ២០០,០០០រៀល ក្នុងនោះផងដែរ លោក បានផ្តល់ថវិការផ្ទាល់ខ្លួនបន្ថែមចំនួន ៣០០ ដុល្លា សម្រាប់ទិញស័ង្កសីប្រក់ដំបូល៕