ពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី២៣ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ស្វាយរៀង៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី២៣ ក្នុងគោលបំណងដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈការជាវសន្លឹកឆ្នោត និងដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះនិងជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។

បន្ទាប់ពីចេញលទ្ធផលឆ្នោត រកឃើញអ្នកឈ្នះរង្វាន់បានមកបើកនៅទីស្នាក់ការសាខាជាបន្តបន្ទាប់។ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បានប្រគល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ធំគឺរថយន្ត Tacoma ស៊េរី២០០៥ បានទៅលើលោក ព្រំ ប៊ុនថន ជាអ្នកបើកបររថយន្តនៅសាលាខេត្តស្វាយរៀង ដែលលោកទើបតែផ្ទៀងផ្ទាត់ទើបដឹងថាត្រូវរង្វាន់ធំ ។

ក្នុងឱកាសនោះ លោកស្រី ពៅ សុភាព បានសំណូមពរដល់ លោក លោកស្រី និងសាធារណៈជនទាំងអស់មេត្តាបន្តជួយគាំទ្រក្នុងការជាវ សន្លឹកឆ្នោតវត្ថុអនុស្សាវរីយ៍ ដែលនឹងរៀបចំផលិតតាមផែនការដែលបានលើកឡើងក្នុង ១ឆ្នាំ ២លើកគឺរដូវបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ឬអាចលើសពីនេះទៅតាមស្ថានភាពជាក់ស្តែង ស្របជាមួយសេដ្ឋកិច្ច និងកត្តារីកចម្រើនរបស់ប្រជាជនក៏ដូចជាប្រទេសជាតិ ។

លោក ព្រំ ប៊ុនថន ជាអ្នកឈ្នះរង្វាន់ធំ បានសម្តែងនូវការសប្បាយរីករាយដែលលោកមិននឹកស្មានថាបានឈ្នះរង្វាន់ធំនេះសោះ ហើយលោកបានបញ្ជាក់ថាការចេញលទ្ធផលឆ្នោតវត្ថុរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង គឺជាការចេញនូវលទ្ធផលយ៉ាងត្រឹមត្រូវមិនមែនជាការរៀបចំតម្រូវឲ្យត្រូវជាមុនដូចមតិខ្លះបានលើកឡើងនោះទេ។ ព្រោះនៅពេលដំណើរការចេញលទ្ធផលឆ្នោតបានបង្ហាញឲ្យឃើញទាំងអស់គ្នាតាំងពីពេលចាប់ផ្តើមដាក់គ្រាប់ឡុកឡាក់ចូលក្នុងកន្ត្រករហូតដល់ពេលរវៃកន្ត្រក និងបង្ហាញលទ្ធផលដើម្បីផ្ទៀងផ្ទាត់ កត់ត្រាលេខតាមលទ្ធផលជាក់ស្តែងមើលឃើញទាំងអស់គ្នា ៕