ចំនួនមនុស្សស្លាប់កើនឡើងដល់ជិត៤០០នាក់ និងជិត២,០០០នាក់របួស ក្នុងការប្រយុទ្ធគ្នារវាងលីប៊ីខាងកើត និងលីប៊ីខាងលិច

ទ្រីប៉ូលី៖ ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាលភាគខាងលិច និងរដ្ឋាភិបាលភាគខាងកើតក្នុងប្រទេសលីប៊ី បានកើនដល់ ៣៩២នាក់ហើយ និង ១,៩៣៦នាក់ផ្សេងទៀតរងរបួស។ នេះបើតាមអង្គការ WHO ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) ក៏បានបញ្ជាក់ដែរថា មនុស្សជាង ៥០,០០០នាក់ បានរត់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ។ ជម្លោះនៅក្នុងប្រទេសលីប៊ី បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី០៤ ខែមេសា ក្រោយឧត្ដមសេនីយលោក ខាលីហ្វា ហាហ្វតា (Khalifa Haftar) បានបញ្ជាឱ្យកងកម្លាំងរបស់លោក បើកការវាយលុកលើទីក្រុងទ្រីប៉ូលី ដោយសំអាងថា ដើម្បីរំដោះរដ្ឋធានីមួយនេះពីក្រុមប្រដាប់អាវុធខុសច្បាប់ និងពួកភេរវករ។

ជាលទ្ធផលនៃការវាយប្រយុទ្ធគ្នាអស់ជាច្រើនសប្ដាហ៍ កងកម្លាំងឧត្ដមសេនីយរូបនេះ បានវាយដណ្ដើមយកតំបន់ជាច្រើន នៃទីក្រុងសួរមែន (Surman) រួមទាំងតំបន់ហ្គារីយ៉ាន (Garyan) ស្ថិតនៅក្បែរទីក្រុងទ្រីប៉ូលីផងដែរ បើទោះជាកងកម្លាំង រដ្ឋាភិបាលទីក្រុងទី្រប៉ូលីគំាទ្រដោយអន្តរជាតិបើកការវាយបកត្រឡប់ទៅវិញក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសលីប៊ីបានធ្លាក់ចូលភាពវឹកវរតាំងតែពីឆ្នាំ២០១១ មកម្ល៉េះ ក្រោយអតីតមេដឹកនាំលោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ត្រូវបានគេទម្លាក់ពីអំណាច និងបាញ់សម្លាប់ចោល។ ចាប់ពីពេលនោះមកដែរ លីប៊ីត្រូវ ពុំចែកជា២ ដោយចាប់ពីភាគខាងលិចរហូតដល់ទីក្រុងទី្រប៉ូលី គ្រប់គ្រងដោយរដ្ឋាភិបាលរួបរួមជាតិរបស់ នាយករដ្ឋមន្ត្រី លោក ហ្វាយ៉េស អាល់ហ្សារ៉ាច (Fayez al-Sarraj) ដែលគំាទ្រដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលភាគ ខាងកើតដឹកនាំដោយឧត្ដមសេនីយ លោក ខាលីហ្វា អាហ្វតា