វៀតណាម​ធ្វើ​ពិធី​បុណ្យ​សព​ថ្នាក់ជាតិ​ សម្រាប់​អតីត​ប្រធានាធិបតី ឡេ​ដឹក អាញ់

បរទេស៖​ ទាហាន​បាន​បង្ហូតទង់ជាតិ​ពាក់កណ្តាល​ដង​នៅ​ទីលាន បា​ឌិញ ក្នុង​ទីក្រុង​ហាណូយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ ដើម្បី​ចាប់ផ្តើម​ការ​កាន់​មរណទុក្ខ​២​ថ្ងៃ​សម្រាប់​អតីត​ប្រធានាធិបតី​និង​​ឧត្តមសេនីយ៍ ឡេ​ដឹក អាញ់ ខណៈ​នាយករដ្ឋមន្ត្រី ង្វៀន សួន ហ្វ៊ុក និង​ប្រធាន​សភា ង្វៀន ធី គីម ង៉ាន ដឹកនាំ​គណៈប្រតិភូ​នៃ​មន្ត្រី​រដ្ឋាភិបាល​និង​សភា​ធ្វើ​ការគោរព​សព​លោក​​អតីត​ប្រធានាធិបតី​។

​ក្នុង​ពិធី​នៅ​វិមាន​តម្កល់​សពជាតិ ក្នុង​ទីក្រុង​ហាណូយ រដ្ឋមន្ត្រី​ការពារជាតិ ង៉ូ សួន លិច ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​ធ្វើ​ការគោរព​សព​អតីត​ប្រធានាធិបតី​រូបនេះ​ផងដែរ​។​

​ក្នុងអំឡុងពេល​កាន់ទុក្ខ​២​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​និង​សៅរ៍ ការិយាល័យ​រដ្ឋាភិបាល​និង​ទី​សាធារណៈ​នឹង​ត្រូវ​បង្ហូត​ទង់ជាតិ​ពាក់កណ្តាល​ដង និង​មិន​មាន​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយ​ផ្សេងៗ​​ទេ​។

គួរម្លឹកថា អាញ់ បាន​ទទួល​មរណភាព​នៅ​អាយុ​៩៩​ឆ្នាំ​ ក្រោយពី​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា​ក្នុង​ក្រុង​ហាណូយ​អស់​រាប់​ខែ​។​សព​របស់​លោក​នឹង​ត្រូវ​បញ្ចុះ​ទី​បញ្ចុះសព​វរជន​ក្នុង​ទីក្រុង​ហូជីមិញ​។​

​កើត​នៅ​ឆ្នាំ​១៩២០​ក្នុង​ខេត្ត ធួ ធៀន វ៉េ ភាគ​កណ្តាល អាញ់បាន​ចូលរួម​ក្នុង​ចលនាប​ដិ​វត្តន៍​នៅ​ឆ្នាំ​១៩៣៧​និង​បាន​ក្លាយ​ជា​សមាជិក​បក្ស​កុំម្មុយនីស្ត​នៅ​មួយ​ឆ្នាំ​ក្រោយ​។​លោក​បាន​​កាន់តំណែង​ជា​ច្រើន​នៅ​កងទ័ព ដោយ​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចាប់ពី​ឆ្នាំ​១៩៨៧​ដល់​១៩៩១ និង​នៅ​ខែ​កញ្ញា​ឆ្នាំ​១៩៩២ លោក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានាធិបតី ជា​មុខ​​តំណែង​ដែល​លោក​កាន់កាប់​រហូតដល់​ឆ្នាំ​១៩៩៧៕