ឯកឧត្តម មាស សុភ័ណ្ឌ ៖ អ្នកសារព័ត៌មានមានកាតព្វកិច្ចចូលរួមថែរក្សាសន្តិភាព និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ តាមរយៈបំពេញភារៈកិច្ចរបស់ខ្លួនប្រកបក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ ប្រទេសកម្ពុជាក៏ដូចជាពិភពលោកដែលបានប្រារព្វពិធីអបអរទិវា សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៩ ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មាន ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ» ដើម្បីបំពេញតួនាទីប្រកបដោយសក្តានុពល ក្នុងគាំទ្រសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ តើអ្នកសារព័ត៌មានត្រូវធ្វើយ៉ាងដូចម្តេច?

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា៖ ក្នុងការចូលរួមចំណែករបស់អ្នកសារព័ត៌មានក្នុងការគាំទ្រសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ នេះគឺជាបរិបទមួយនៅក្នុងសង្គមបច្ចុប្បន្ននៃព្រះរាជាណាក្រកម្ពុជា ដែលយើងត្រូវធ្វើការរួមគ្នាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ក៏ដូចជារក្សាសន្តិភាពផងដែរ ដូចេ្នះហើយអ្នកសារព័ត៌មានគឺជាតួអង្គសំខាន់ ក្នុងការពាំនាំព័ត៌មានពីស្ថាប័នសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជានាំព័ត៌មានពិតជូនប្រជាពលរដ្ឋ និងមានកាតព្វកិច្ចចូលរួមថែរក្សាសន្តិភាព និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ តាមរយៈបំពេញភារៈកិច្ចរបស់ខ្លួនប្រកបក្រមសិល៍ធម៌វិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានណាដែលពិតប្រាកដ ផ្សាយព័ត៌មានដែលខ្លួនទទួលបានគ្រប់ជ្រុងជ្រោយ ជៀសវាងការផ្សាយព័ត៌មានតែមួយជ្រុង ។

ឯកឧត្តមបានបន្តថា អ្នកសារព័ត៌មានបានចូលរួមចំណែកផ្តល់ព័ត៌មានប្រកបដោយភាពត្រឹមត្រូវ ជៀសវាងផ្តល់ព័ត៌មានបែបកំហឹង ញុះញង់ធ្វើឲ្យអោយមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ ដូចនេះហើយអ្នកសារព័ត៌មានចាំបាច់ក្នុងផ្តល់ព័ត៌មានប្រកបដោយភាពត្រឹមត្រូវ និងពិតប្រាកដ គោរពឲ្យបានតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

គួរជម្រាបថា ក្នុងថ្ងៃអបអរសាទរទិវាសេរីភាពសារព័ត៌មានសាកលលោក ៣ឧសភា លើកទី២៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិយាយការពិត រិះគន់ក្នុងន័យស្ថាបនា និងត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញតថភាពសង្គម ដើម្បីជួយកសាងយុត្តិធម៌សង្គម រក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ៕