អគ្គនាយកគយ កោះហៅប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មកបំភ្លឺពាក់ព័ន្ធការងារមួយចំនួន សង្ស័យភាពមិនប្រក្រតីការងារ

(ភ្នំពេញ)៖ លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដែលមានទីស្នាក់ការនៅតាមដងផ្លូវជាតិលេខ៥ ជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ ត្រូវបានលោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករធ្វើលិខិតកោះហៅ មកកាន់អគ្គនាយកដ្ឋានដើម្បីបំភ្លឺការងារមួយចំនួន តែគេមិនដឹងថាបំភ្លឺរឿងអ្វីខ្លះនោះទេ គ្រាន់តែមន្ត្រីគយមួយចំនួនខ្សឹបខ្សៀវគ្នាថា បើគ្មានភាពមិនប្រក្រតីពាក់ព័ន្ធការងារពន្ធគយទេ ក៏អគ្គនាយកមិនហៅមកបំភ្លឺដែរ។

យោងតាមលិខិតកោះហៅរបស់លោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករចេញកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ បានកោះហៅ លោក ឈួន សោភា អត្ថលេខ៤៣៦ មានតួនាទីជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ អោយចូលខ្លួនមកបំភ្លឺនៅនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ដែលមានទីតាំងនៅអគ្គាវឌ្ឍនៈ កាពីតាល់ នៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ។

គេមិនដឹងថា លោកឈួន សោភា មានកំហុសពាក់ព័ន្ធនឹងការងារអ្វីនោះទេ បានដល់ថ្នាក់អគ្គនាយកកោះហៅ អោយមកបំភ្លឺយ៉ាងប្រញាប់ប្រញាល់បែបនេះ តែអ្នកដឹងរឿងបានអះអាងថា បើគ្មានរឿងទេ មិនដែលនៅសុខៗមេហៅអោយមកបំភ្លឺនោះឡើយ។

តាមមន្ត្រីគយមួយរូបបានបង្ហើបអោយដឹងថា ចាប់តាំងពីលោកឈួន សោភា ត្រូវបានតែងតាំងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ ៥ដែលមានទីស្នាក់ការនៅតាមផ្លូវជាតិលេខ៥ក្បែរស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ បានប្រមាណ១ឆ្នាំមកនេះ គឺលោកឈួន សោភា ធ្លាប់ត្រូវបានអគ្គនាយក កោះហៅមកបំភ្លឺចំនួន៣លើកហើយរួមទាំងលើកនេះផង។ក្នុងនោះកន្លងមក លោកឈួន សោភា ធ្លាប់បំពេញការងារមិនប្រក្រតីជាច្រើនរហូតដល់អ្នករកស៊ីក៏ធ្លាប់ប្ដឹង កូនចៅក៏ធ្លាប់ប្ដឹងដែរ ហើយរករឿងដកបញ្ឈរជើងកូនចៅដែលគ្នាគ្មានកំហុសទៀតផង។

កាលពីជិត១ឆ្នាំមុន ក្រោយពីអគ្គនាយកតែងតាំងតួនាទីជាប្រធានគយតំបន់៥នេះ មិនទាន់បានប៉ុន្មានខែផង មានអ្នករកស៊ី និងក្រុមហ៊ុនរថយន្តក្រុង ដែលរត់ពីភ្នំពេញប៉ោយប៉ែតជាច្រើនក្រុមហ៊ុន បាននាំគ្នាទូរស័ព្ឌរាយការណ៏ប្រាប់មកអង្គភាពព័ត៌មាន  ពីសកម្មភាពទារលុយក្បាលរថយន្តតាមតែ អំពើចិត្ត មានបង់ក្បាលរថយន្តផង បង់ថ្លៃបាយផង បង់របបមេផង ខណៈដែលរថយន្តក្រុងទាំងអស់នោះ ក្រៅពីដឹកអ្នកដំណើរ មានដឹកទំនិញថែមបន្តិចបន្ទួចតែប៉ុណ្ណោះ។

តាមសេចក្ដីរាយការណ៏កាលណោះ ចំពោះរថយន្តក្រុងដឹកឥវ៉ាន់លាយជាមួយអ្នកដំណើរ គឺត្រូវបង់អោយក្រុមគយចល័តតំបន់៥ខាងលើពី៦ទៅ ៧លានរៀលក្នុង១ខែសំរាប់រថយន្ត១គ្រឿង ហើយបើក្រុមហ៊ុនមានរថយន្ត៥គ្រឿងត្រូវរត់ឆ្លងកាត់ប៉ុស្ដ៏របស់គាត់គឺត្រូវបង់គុណចំនួនលុយតាមចំនួនក្បាលរថយន្ត ជាក់ស្ដែង មិនតែប៉ុណ្ណោះមន្ត្រីគយ ដែលជាអ្នកពូកែគាបទារលុយខ្លាំងជាងគេ ដែលកាលណោះគេស្គាល់ឈ្មោះអឿន និងឈ្មោះរី នោះ នៅឆ្លៀតអោយម្ចាស់រថយន្ត ក្រុងបង់របបមេប្រចាំខែ (លោក ឈួន សោភា) ចំនួន១លានរៀលក្នុងរថយន្តមួយគ្រឿងថែមទៀត។

ពេលម្ចាស់រថយន្តក្រុងខ្លះត្អូញត្អែរ សុំបញ្ចុះតម្លៃបង់ក្បាលរថយន្ត ដោយសាររកស៊ីដឹកជញ្ជូនមិនចំណេញ ពួកគាត់ឆ្លើយតបថាបើរកស៊ីកើតរកស៊ី បើរកស៊ីមិនកើតឈប់រកស៊ីទៅគ្មានអ្នកណាបង្ខំទេ ព្រោះពួកគាត់ជាគយ «ឯកឧត្តមអគ្គ» ដាក់មកមិនមែនចេះតែមកឈរជើងបានស្រួលៗនោះទេ។

តាមអ្នកដឹងរឿងបានបង្ហើបប្រាប់អោយដឹងថា បច្ចុប្បន្នយ៉ាងហោចណាស់ក៏មានរថយន្តក្រុងដឹកអ្នកដំណើរ និងឆ្លៀតដឹកទំនិញលាយជាមួយរត់ពីភ្នំពេញទៅប៉ោយ ប៉ែតខ្ទង់១០ក្រុមហ៊ុនដែរ ហើយក្នុងមួយក្រុមហ៊ុនមានរថយន្តរត់ពី២ទៅ៣គ្រឿង ដែលសរុបទាំងអស់ក្នុង១ខែ មានរថយន្តរត់ជិត៣០គ្រឿងឯណោះ។

ពាក់ព័ន្ធការកោះហៅមកបំភ្លឺ និងករណីកូនចៅ និងអ្នករកស៊ីរាយការណ៍ ពីភាពមិនប្រក្រតីខាងលើនេះ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មានមិនអាចសុំការបំភ្លឺពីលោកឈួន សោភា បានឡើយ ព្រោះមិនមានលេខទូរស័ព្ឌសំរាប់ទំនាក់ទំនង៕