​រលក​កម្តៅ​អ៊ែ​ល​នី​ញ៉ូ​បង្ក​ឱ្យ​បឹង​ធម្មជាតិ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​ស្ទើរ​រីង​ហួត

មណ្ឌលគិរី​៖ ​បឹង​ធម្មជាតិ​បី​កន្លែង​ដែល​ផ្គត់ផ្គង់​ក្នុងការ​ទាញយក​ទឹកស្អាត​ផ្តល់ជូន​ពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​កំពុង​រង​នូវ​ការ​រីងស្ងួត​ជា​បណ្តើរៗ​ខណៈ​កម្ពុជា​កំពុង​ទទួល​រលក​កម្តៅ​អ៊ែ​ល​នី​ញ៉ូ ដែល​បានអូសបន្លាយ​រយៈពេល​ច្រើន​ខែ​មកហើយ​នោះ​។​

​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​និង​អភិបាលខេត្ត​មណ្ឌលគិរី​កាលពីពេល​ថ្មីៗ​កន្លង​ទៅបាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ព្រមទាំង​រៀបចំ​គម្រោង​ផែនការ​ដើម្បី​ទប់ស្កាត់​ភាព​រីង​នៃ​បឹង​ធម្មជាតិ​៣​កន្លែង​គឺ​(​បឹង​ទំនប់​លើ​,​បឹង​ទំនប់​ក្រោម​,​បឹង​ក្រោយ​សណ្ឋាគារ​សឡា​)​។​

​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃទី​៨​ឧសភា​ឆ្នាំ​២០១៩​បាន​ថ្លែង​ជាមួយ​អ្នកកាសែត​ថា​ទឹក​ទំនប់​លើ​ក្រោយ​ការចុះទៅ​ពិនិត្យ​ជាក់ស្តែង​របស់លោក​កាលពីពេល​ថ្មី​កន្លងទៅនេះ​គឺ​បាន​វាយ​តំលៃ​ថា​វា​អាច​និង​រីង​ពិតមែន តែ​នៅ​ពុំទាន់​រីង​អស់​នោះទេ​។​លោក​បាន​បន្តថា​នៅក្នុង​ដំណោះស្រាយ លោក​បានឱ្យ​ខាង​ទឹក​ស្តា​ត​ផ្អាក​បូម​ពី​ទំនប់​លើ ទំលាក់​ទៅ​ក្រោម ។​

​បានន័យថា​បើ​នៅតែ​បូម​ទៀត​វា​អាច​និង​រីង​ឆាប់ៗ​។​លោក​ថាបើ​ទោះបីជា​ទឹក​នៅ​ជ្រៅ​តែ​វា​អាច​សណ្តក​ទឹក​ខ្លាំង​(​នៅ​បាត​)​។​លោក​បន្តថា​ចំណែក​បឹង​ទំនប់​ក្រោម​វិញ​អាច​នៅ​ប្រើប្រាស់​បាន​ខ្ទង់​កន្លះ​ខែ​ទៀត​បើ​គ្មាន​ភ្លៀង​ធ្លាក់​នោះទេ​។​ប៉ុន្តែ​ប្រសិនបើ​នៅ​ប្រើ​អាច​និង​រីង​ដូច​ទំនប់​លើ​ដែរ​។​

​លោក​អភិបាលខេត្ត​បានដាក់​ផែនការ​ទី​១​គឺ​រៀបចំ​ទុយោ​ចល័ត​បូមទឹក​ពី​ទំនប់​ក្រោយ​សណ្ឋាគារ​សរ​ឡា និង​ទឹក​ទំនប់​ក្រោម ផ្គត់ផ្គង់​ប្រជាជន​សិន​។​ទី​២​ចំពោះ​ទំនប់​លើ​ដដែល រដ្ឋបាល​សាលាខេត្ត មាន​គម្រោង​ស្តារ​ឱ្យ​ជ្រៅ​ឡើងវិញ នូវ​ដី​ក្បែរ​បាត​បឹង ដែល​រីង​ហើយ​នោះ​។​លោក​បញ្ជាក់ថា ទីតាំង​បី​កន្លែង​ដែល​សម្រាប់​ផ្គត់ផ្គង់ ដល់​ប្រជាជន​ក្នុង​ក្រុង​សែន​មនោ​រម្យ​និង​បួ​ម​ចល័ត​ទៅមកៗ បង្ការ​នូវ​ការខ្វះ​ទឹក​ដោយសារតែ​គ្រោះរាំងស្ងួត​។​

​លោក​កាន់​ពេញ​អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​បញ្ជាក់ថា​លោក​បានមក​រស់នៅក្នុង​ទឹកដី​ខេត្ត​មួយ​នេះ​តាំងពី​កំឡុង​ឆ្នាំ​១៩៨៨​មក​ម្លេះ​។​លោក​បាន​បន្តថា​តាំងពី​លោក​មក​រស់នៅ​ទីនេះ រហូតដល់​ឆ្នាំ​២០១៨​ពុំដែល​ឃើញ​ទឹក​ទំនប់​លើ​ស្រក​ទឹក​ខ្លាំង​បែបនេះ​ឡើយ​។​ទឹក​បឹង​ទំនប់​លើ​តាម​ការប៉ាន់ស្មាន​របស់​លោក​មាន​ទំហំ​ប្រហែល​២​ទៅ​៣​ហិកតា​មាន​ជម្រៅ​លេច​ក្បាលមនុស្ស​ក្នុង​រដូវវស្សា​។​

​ក្នុងនាម​លោក​ជា​កងកម្លាំង​ម្នាក់​សូម​គាំទ្រ​នូវ​យុទ្ធសាស្ត្រ​បង្ការ​ទឹក​ទុក​របស់លោក​អភិបាលខេត្ត​មណ្ឌលគិរី​នេះ​ផងដែរ​៕