កាកបាទ​ក្រហម​កម្ពុជា ទទួល​បាន​ថវិកាសរុប​ជិត ២១លាន​ដុល្លារ ពី​សប្បុរសជន​សម្រាប់​ឆ្នាំ២០១៩

ភ្នំពេញ៖ ក្នុងឱកាស​អបអរ​សាទរ​ខួប​លើកទី​១៥៦ ទិវា​ពិភព​លោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទក្រហម ៨ឧសភា នា​ព្រឹកនេះ កាកបាទ​ក្រហម​កម្ពុជា ទទួល​បាន​ថវិកា​សរុប​បឋម​ពីសប្បុរសជន​សម្រាប់​ឆ្នាំ២០១៩ មាន​ចំនួន​ជាង ២០,៧៥លាន​ដុល្លារ (២០ ៧៥៧ ៥១០ ដុល្លារ)។ នេះបើ​តាមការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​សម្តេច ហ៊ុន សែន។
សូម​ជម្រាប​ថា ពិធី​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «ខ្ញុំ​ស្រលាញ់​កាកបាទ​ក្រហម​កម្ពុជា I Love Red Cross» នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ក្នុង​រាជធានីភ្នំពេញ ក្រោមអធិបតីភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា។

ទន្ទឹមនឹង​ការ​ប្រារព្ធ​ពិធី​អបអរសាទរខួប​លើក​ទី១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទក្រហម ៨​ ឧសភា​ហើយ​នោះ ក៏មាន​ការអបអរខួប​១០០ឆ្នាំ នៃការ​បង្កើត​សហព័ន្ធ​អន្តរជាតិ នៃសមាគម​កាកបាទ​ក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។

ទិវានេះ​ ត្រូវបាន​ប្រារព្ធឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពីសមិទ្ធផល​សម្រេច​បាន និងកៀងគរ​រកមូលនិធិ​ដើម្បី​បន្ដ​ប្រតិបត្ដិការ​សកម្មភាព​មនុស្សធម៌ ជួយដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​នៅទូទាំង​ប្រទេស​កម្ពុជា ដោយមិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ​អ្វីទាំងអស់។
តាមរបាយការណ៍​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត បាន​ឲ្យដឹង​ថា ក្នុងឆ្នាំ២០១៨កន្លងទៅ កាកបាទ​ក្រហម​កម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌​ដល់ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយរងគ្រោះ​បំផុត​ចំនួន ១៣៩ ១១៣គ្រួសារ។ ក្នុងនោះ​ប្រជាពលរដ្ឋ​រងគ្រោះ ១០៣ ៣៣២គ្រួសារ និង​ងាយរងគ្រោះ​បំផុត​ចំនួន ៥៤ ៣៣៨​គ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ ដែល​ទទួល​សេវាកម្ម​មនុស្សធម៌​ផ្សេងទៀត​ជាង ១០ម៉ឺន​គ្រួសារ។

លើសពី​នោះ កាកបាទ​ក្រហមកម្ពុជា ក៏បាន​ផ្តល់ផ្ទះ​ដល់​ចាស់​ជរាគ្មាន​ទីពឹង និងស្ត្រី​មេម៉ាយ​កូនច្រើន​បានចំនួន ១៦៧ខ្នង​ផ្ទះ, ផ្តល់អណ្តូង​ទឹកស្អាត ១៣៩អណ្ដូង, បង្គន់​អនាម័យ ៤៥៣បង្គន់, ផ្តល់ស៊ីទែនទឹក​ចល័ត​ចំនួន៤, ផ្តល់ទូក​សហគមន៍​ចំនួន៤ និងផ្តល់​រទេះរុញ​ដល់​ជនពិការ ចំនួន៥៥០​គ្រឿង។

ថវិកា​សប្បុរសធម៌​នេះ ក្រៅពីជួយ​ដល់ជនរងគ្រោះ​បណ្តាល​មកពី​គ្រោះ​ធម្មជាតិ និង​បញ្ហា​ផ្សេងៗ​នោះ​ កាកបាទ​ក្រហម​កម្ពុជា​បាន​យក​ថវិកា​ប្រមាណ ១លាន​ដុល្លារ ក្នុង១ឆ្នាំ​ឧបត្ថម្ភ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង ចាប់តាំង​ពីឆ្នាំ​២០១២​មក៕