ធ្លាក់ទៀតហើយ៖​ យ៉ាងហោចណាស់មានមនុស្ស ៣៧​នាក់ រងរបួសធ្ងន់និងស្រាល ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសមីយ៉ាន់ម៉ា

បរទេស៖ អាជ្ញាធរអាកាសចរណ៍មីយ៉ាន់ម៉ាបានអះអាងថា យន្តហោះបង់ក្លាដែស ដែលបានរអិលធ្លាក់ចេញពីផ្លូវ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងរ៉ង់ហ្គូននោះ មានផ្ទុកអ្នកដំណើរ ៣៣នាក់, អាកាសយានិក ០២នាក់ និងអ្នកបម្រើការងារ ០២នាក់ ដោយក្នុងនោះមនុស្សទាំងសុទ្ធតែបានរងរបួស ប៉ុន្តែ០៤នាក់របួសធ្ងន់រួមទាំងពីឡុត។ នេះបើតាម ការចេញផ្សាយដោយ វ៉ាស៊ីនតោនប៉ុស្តិ៍ នាយប់ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។

យន្តហោះមួយគ្រឿងខាងលើ គឺជារបស់អាកាសចរណ៍បង់ក្លាដែសប៊ីម៉ាន (Biman Bangladesh Airlines) បានធ្លាក់ចេញពីផ្លូវនៅកំឡុងពេលព្យាយាមចុះចត ក្នុងអាកាសយានដ្ឋាន អន្តរជាតិរ៉ង់ហ្គូន នៃប្រទេសមីយ៉ាន់ម៉ា នាយប់ថ្ងៃពុធនេះតែម្តង ដោយវាមានលេខសម្គាល់ S2-AGQ – Bombardier Dash 8 Q400 បានធ្វើដំណើរមកពីប្រទេសបង់ក្លាដែស ឆ្ពោះមកកាន់ទីក្រុងរ៉ង់ហ្គូនរបស់មីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។

បើតាមអាជ្ញាធរអាកាសចរណ៍មីយ៉ាន់ម៉ា យន្តហោះខាងលើនេះបានព្យាយាមចុះចត ប៉ុន្តែមិនបានសម្រេចក៏ធ្លាក់ និងរអិលទៅលើវាលស្មៅ នៅក្បែរផ្លូវហោះឡើង និងចុះចតរបស់ អាកាសយានដ្ឋានខាងលើនេះតែម្តង។ បើតាមរូបភាព គេឃើញតួយន្តហោះទាំងមូលត្រូបាក់ខ្ទេចខ្ទី ខណៈមូលហេតុដែលបង្កគ្រោះថ្នាក់នេះឡើង ទំនងជាដោយសារកត្តាអាកាសធាតុ និងបច្ចេកទេស៕