សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ប្រធាន​ក្រុមការងារ​ចុះជួយ​រាជធានី​ខេត្ត ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​ទូទាំងប្រទេស​

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​លិខិត ជម្រាប​ជូន​​ប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល ចុះជួយ​រាជធានី​ខេត្ត អំពី​ការផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​ទូទាំងប្រទេស​។​

​ក្នុង​លិខិត ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា កន្លងមក ទណ្ឌិត សម រង្ស៊ី បានប្រកាស​ជា​បន្តបន្ទាប់​អំពី​គម្រោង​ផែន​ការវិល​ត្រលប់​ចូល​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ ក្នុង​គោលបំណង​ដឹកនាំ “​ការធ្វើ​បដិវត្តន៍​ពណ៌​ជាថ្មី​” ដោយបាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ឲ្យ​ធ្វើការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​។ សកម្មភាព​ទាំងនេះ ជាការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​ជាធរ​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​នាំ​ប្រទេសជាតិ ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ ភាពចលាចល វឹកវរ ដែល​មិនអាច​ប៉ាន់ស្មាន​បាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ការសម្រេច​វិល​ត្រលប់មក​កម្ពុជា​វិញ ឬ​មិន​វិល​ត្រលប់មក​កម្ពុជា​វិញ របស់​ទណ្ឌិត សមរង្ស៊ី ក៏​ដូច​ការដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌ បានសម្រេច ឬ​មិនបាន​សម្រេច គឺ​មិន​ចំណុះ​ទៅលើ​ម​ហិ​ច្ឆិ​តា​របស់​ទណ្ឌិត​រូបនេះ​ឡើយ កត្តា​សំខាន់​ជា​គន្លឹះ គឺ​អាស្រ័យទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​យើង ដែលជា​គណបក្សកាន់អំណាច​ស្របច្បាប់ ដោយ​បានទទួល​ការគាំទ្រ​ដ៏​ច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត រហូត​ទៅដល់ ៨៣,០២% ក្នុងការ​បោះឆ្នោតជាតិ លើក​ទី​៦ កន្លងទៅនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​ដើម្បី​បន្ត​គ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​នានា​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត សូម​សម្តេច ឯកឧត្តម លោកជំទាវ ប្រធាន​ក្រុមការងារ​ចុះជួយ​រាជធានី ខេត្ត ដឹកនាំ ណែនាំ​ដល់​ក្រុមការងារ និង​គណបក្ស​គ្រប់​ថ្នាក់ សហការ​រៀបចំ​វេទិកាសាធារណៈ​គ្រប់​ឃុំ សង្កាត់ ភូមិ ដើម្បី​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​អំពី​ផលវិបាក​នៃ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ “​សកម្មភាព​បដិវត្តន៍​ពណ៌​” ដែលជា​សកម្ម​ភាពខុស​ច្បាប់ និង​ការវិល​ត្រលប់មក​កម្ពុជា​របស់​ទណ្ឌិត សមរង្ស៊ី ដើម្បី​ដឹកនាំ​សកម្មភាព​ខុសច្បាប់​នេះ​។ ទន្ទឹមនេះ ត្រូវ​បង្កើន​កិច្ចសហការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា នូវ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន និង​អប់រំ​មន្ត្រី​ក្នុង​ក្រុមការងារ ក៏​ដូច​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ ឲ្យ​ខិតខំ​បម្រើប្រជាជន និង​ធ្វើអំពើ​ល្អ ជាមួយ​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​»៕​