រដ្ឋមន្រ្តី​សេដ្ឋកិច្ច ស្នើ​ឱ្យ​ក្រុមហ៊ុន​អាមេរិក ជួយ​លើ​បញ្ហា​អគ្គិសនី​ដែល​កម្ពុជា​កំពុង​ប្រឈម

ភ្នំពេញ៖ លោក អូន ព័ន្ធ​មុនីរ័ត្ន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​អាមេរិក General Electric (GE) បន្ត​គាំទ្រ​វិស័យ​សុខាភិបាល និង​សុខុមាលភាព​របស់​ប្រជាជន, ដោះស្រាយ​បញ្ហា​ប្រឈម​នៃការ​ផ្គត់ផ្គង់​អគ្គិសនី និង​ជួយគាំទ្រ​កសាង​សមត្ថភាព និង​សិក្សា​ការ​បន្ទាប​ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា​បន្ថែម​ទៀត។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច។

សំណើ​ខាងលើ​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក អូន ព័ន្ធ​មុនីរ័ត្ន និង​លោក ចន ជីរៃ អគ្គនាយក​ក្រុមហ៊ុន GE និង​ជាទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​រសៀល​ថ្ងៃទី១​៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ជាការ​ឆ្លើយតប លោក​អគ្គនាយក​ក្រុមហ៊ុន បាន​យល់ស្រប និង​ទទួល​យកទៅ​ពិចារណា​ចំពោះ​សំណើ​របស់​លោក​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​កម្ពុជា ហើយ​ក្រុម​ការងារ​របស់​លោក នឹង​ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​ការងារ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​ ធ្វើការ​ពិនិត្យ​សិក្សា​ទៅលើ​ការងារ និង​សំណើ​ទាំងនេះ។

សេចក្តី​ប្រកាស​ដដែល​បាន​ឱ្យដឹង​ថា ក្រុមហ៊ុន GE មាន​វត្តមាន​នៅ​កម្ពុជា ក្នុងឆ្នាំ​២០០៩ ដោយ​បាន​កសាង​ភាព​ជាដៃគូ​ជាមួយ​នឹង​វិស័យ​ឯកជន និង​សាធារណៈ ដោយ​អាជីវកម្ម​ដែលមាន​សកម្ម គឺ​វិស័យ​ថាមពល​អគ្គិសនី ដំណោះស្រាយ​បណ្តាញ​បញ្ជូន និង​ចែកចាយ​អគ្គិសនី និង​ថាមពល​អគ្គិសនី​សម្រាប់​វិស័យ​សុខាភិបាល។

ក្រុមហ៊ុន​នេះ មាន​ទីស្នាក់ការ​នៅក្នុងរដ្ឋ Boston សហរដ្ឋអាមេរិក និង​នៅក្នុង​ប្រទេស​ចំនួន ១៧៥។ GE មាន​បទ​ពិសោធន៍​ច្រើន​លើ​ថាមពល​អគ្គិសនី រួមមាន៖ ថាមពល​ធ្យូងថ្ម, ថាមពល​វារីអគ្គិសនី និង​ថាមពល​កកើត​ឡើងវិញ ដូចជា ថាមពល​ពន្លឺ​ព្រះអាទិត្យ, ខ្យល់, ថាមពល​ជីវចម្រុះ និង​ថាមពល​នុយក្លេអ៊ែរ៕