ស្ថានទូតចិន ប្រកាសអំពីលទ្ធផលស៊ើបអង្កេត ទៅលើជនជាតិចិនមួយក្រុម ដែលនិយាយកេ្អងក្អាង បំពុលដល់សន្តិសុខខេត្តព្រះសីហនុ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថានទូតចិនប្រចាំកម្ពុជាបានចេញសេចក្តីប្រកាសអំពី លទ្ធផលស៊ើបអង្កេត លើវីដេអូជនជាតិចិនមួយក្រុម ដែលបាននិយាយក្អេងក្អាង ថានឹងបំពុលដល់ អសន្តិសុខរបស់ខេត្តព្រះសីហនុ សង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយលើប្រពន្ធអ៊ីនធើណេត។

ការស៊ើបអង្កេតនេះបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធអ៊ីនធើណេតនាថ្មីៗនេះ បានបញ្ចេញនូវវីដេអូខ្លីមួយ សង្ស័យពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត ដែលថតដោយបុរសមានគ្នាជាង១០នាក់ ដោយហៅខ្លួនឯងថា មកពីទីក្រុង Chongqing ប្រទេសចិនហើយ និយាយក្អេងក្អាងថា នឹងបំពុលដល់សន្តិសុខរបស់ខេត្តព្រះសីហនុ។

ស្ថានទូតចិន បានអះអាងថា «ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់ របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះត្រូវបានថតដោយជនជាតិចិន មកពីទីក្រុង Chongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជា កាលពីខែមីនាឆ្នាំនេះ ហើយក្រោយពីស្រវឹងស្រារួច ពួកគេបានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការ លេងសើចប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ»។

ស្ថានទូតចិន ក៏បានបញ្ជាក់បន្ថែមថា «ឆ្នាំនេះគឺជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា ភាគីទាំងពីរ នឹងចាត់វិធានការណ៍ជាក់ស្ដែង ធ្វើឲ្យកាន់តែស៊ីជម្រៅលើ កិច្ចសហការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ ដែលនឹងនាំមកនូវភាពសុខដុមរមនា និងអត្ថប្រយោជន៍ជូនដល់ប្រជាជនប្រទេសទាំងពីរ»។

សូមរំលឹកថាកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅមន្រ្តីខាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រាប់បណ្តាញអង្គភាពព័ត៌មាន ឱ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់កម្ពុជា និងកម្លាំងសមត្ថកិច្ចរបស់ចិន សហការគ្នាតាមចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលបានបញ្ចេញវីដេអូគំរាម បង្កអសន្តិសុខ នៅខេត្តព្រះសីហនុ ដែលរហូតដល់ពេលនេះមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ៕