លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកក្នុងការយកជីវិតទៅដូរយកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ តាមរយៈបណ្តា ញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញរូបថតមួយសន្លឹកដែលហាក់ដូចជាការ ផ្សងព្រេងដ៏មានគ្រោះថ្នាក់ តែលោកគិតថាវាជាមោទ នភាពដែលយើងបានយកជីវិតទៅដូរយកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា។ លោកបានបន្តថា មានមនុស្សមិនច្រើនទេដែលដឹងរឿងនេះ សូម្បីតែរូបលោកផ្ទាល់ក៏ទើបរកឃើញរូបថតមួយសន្លឹកដែលអតីតអ្នកកាសែតជនជាតិបែល ហ្សិកបានប្រគល់អោយលោកកាលពីថ្ងៃអាទិត្យនេះដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៨៩ លោកនិងប្រតិភូបានធ្វើដំណើរជាសម្ងាត់ទៅកាន់ប្រទេសថៃដោយឆ្លងកាត់ស្ពានតាមផ្លូវរថភ្លើងនៅប៉ោយប៉ែត ដែលពេលនោះសងខាងផ្លូវ ទាំងខាងកម្ពុជា ទាំងខាងថៃសុទ្ធតែជាចំការម៉ីន។ ជាងនេះទៅទៀតនៅសងខាងផ្លូវប្រមាណ១គីឡូម៉ែត្រ គឺមានកងទ័ពត្រីភាគីចាំវាយប្រហារគ្រប់ពេលមកលើកងទ័ពរដ្ឋកម្ពុជាដែលនៅឈរជើងតាមផ្លូវជាតិលេខ៥។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ប៉ោយប៉ែតពេលនោះមានផ្ទះបែកបាក់តែមួយខ្នងនៅក្បាលស្ពានខាងកម្ពុជា ក្រៅពីនោះគឺសុទ្ធតែព្រៃត្រែង។លោកនិងក្រុមការងារបានឆ្លងព្រំដែននៅម៉ោងប្រមា ណ២រសៀល ដោយមិនទាន់ទទួលទានអាហារថ្ងៃត្រង់នៅឡើយ។ អ្នករួមដំណើរជាមួយលោកឆ្លងកាត់ស្ពាននេះមានលោក ទៀ បាញ់ លោក ចម ប្រសិទ្ធ លោក ចាន់ អ៊ាន លោក ខាំពូន កែវមុនី និងឧត្តមសេនីយ៍ ឡុង សុភាព ដែលពេលនោះកាន់មុខតំណែងជាមេបញ្ជការយោធភូមិភាគិទី៤ ដឹកនាំកម្លាំងការពារដំណើរ (ឡុង សុភាព បានមរណៈភាពទៅហើយ)។ ក្រៅពីខាងកម្ពុជា មានឧត្តមសេនីយ៍កងទ័ពថៃម្នាក់ឈ្មោះ ប៊ុនឡត រួមដំណើរដើម្បីសម្រួលដំណើរយើងឆ្លងកាត់ព្រំដែននិងទំនាក់ទំនងជាមួយខាងភាគីថៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា តើជាបេសកម្មអ្វីទើបសម្ងាត់បែបនេះ? លោកបានដាក់ចេញនូវនយោបាយមួយគឺ (អព្យាក្រិតូបនីយកម្មកម្លាំង ប្រដាប់អាវុធ និងរដ្ឋបាលថៃ)សំដៅទប់ស្កាត់និងកាត់បន្ថយការជួយរបស់ថៃចំពោះខ្មែរក្រហម និងត្រីភាគីដូចនេះហើយទើបមានការជួបគ្នាជាសម្ងាត់រវាងលោកជាមួយលោក ឆាវវ៉ាលិត យង់ឆៃយុទ្ធ ដែលជាមេទ័ពជើងគោក ដ៏មានឥទ្ធិពលរបស់ថៃនៅថ្ងៃ២៧ តុលា ១៩៨៨ នៅទីក្រុងវៀងច័ន្ធ ប្រទេសឡាវ។ ឆ្លងកាត់ជំនួបនេះទើបមានទស្យនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបើកចំហរនាទីក្រុងបាងកក ខែមករា ១៩៨៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ធ្វើដំណើរទៅបាងកកជាសម្ងាត់នៅថ្ងៃទី១៩ កញ្ញា ១៩៨៩ ពេលនោះទាក់ទងរវាងសង្រ្គាម និងសន្តិភាពនៅកម្ពុជា ដែលអាចចាត់ទុកថាជាផ្នែកមួយនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ លោកបានបន្តថា លោកនិងប្រតិភូឆ្លងដែននៅម៉ោងប្រហែល២ រសៀលទៅបាយនៅអារញ្ញប្រាថេតជាមួយអគ្គបញ្ជាការរងកងទ័ពថៃ រួចហើយបន្តដំណើរតាមឧទ្ធម្ភាគចក្រទៅទីក្រុងបាងកកចរចាជាសម្ងាត់ជាមួយនាយករដ្ឋមន្ត្រីថៃ ឆាតឆៃ ឈុនហាវ៉ាន់និង មេទ័ពជើងគោកថៃ ឆាវវ៉ាលិត យង់ឆៃយុទ្ធ នាល្ងាចថ្ងៃទី១៩ តុលា ១៩៨៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ឱ្យដឹងថា ទំនាក់ទំនងរវាងលោកជាមួយមេដឹកនាំថៃនាពេល នោះកាន់តែប្រសើរដែលនាំដល់ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់លោកនាពេលក្រោយមកទៀត៕