នៅ​វៀតណាម​ក្ដៅខ្លាំង រហូត​មាន​មនុស្ស​ស្លាប់

វៀតណាម៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ បាន​ដួល​​ស្លាប់​កាលពី​ថ្ងៃ​អាទិត្យ ដោយសារ​អាកាសធាតុ​ក្ដៅពេក នៅ​ខេត្ត Ha Tinh ភាគ​កណ្ដាល​ប្រទេស​វៀតណាម អំឡុង​ពេល​​ប្រមូលផល​ផសណ្ដែក​ដី​នៅ​ចម្ការ​ជាមួយ​ភរិយា។

បុរស​រូបនោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ក្រោយ​ពេល​សន្លប់ ប៉ុន្តែជីពចរ​របស់​លោក​បានឈប់​លោត​ទៅហើយ ខណៈ​​សីតុណ្ហភាព​រាងកាយ​ គឺ ៤១អង្សារ។
លោក Nguyen Ngoc Trai ប្រធាន​ផ្នែក​សង្រ្គោះបន្ទាន់​ប្រចាំ​មន្ទីរពេទ្យ​បង្អែក​ស្រុក Loc Ha បាន​បញ្ជាក់ថា បុរស​រូបនោះ បាន​ស្លាប់​តាំង​ពី​មុន​មក​ដល់​មន្ទីរពេទ្យ។ ការ​ធ្វើ​កោសល្យវិច្ច័យ បាន​រក​ឃើញ​ថា​ គាត់​បាន​ស្លាប់​ដោយសារ​រលក​កម្ដៅ។ លោក Trai ក៏​បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់ កុំ​ចេញ​ក្រៅ​ផ្ទះ នៅ​ចម្លោះ​ម៉ោង ១១ថ្ងៃត្រង់ ដល់​ម៉ោង ៣កន្លះ​រសៀល ព្រោះ​ជា​ពេល​ដែល​ក្ដៅ​ខ្លាំង។ បើចេញក្រៅ ត្រូវ​ពាក់អាវ​ជិតៗ និង​ពាក់​ម៉ាស់មុខ​។

សូមបញ្ជាក់ថា កាលពីខែមេសា ខេត្ត Ha Tinh បាន​ឡើង​កម្ដៅ​ដល់ ៤៣,៤អង្សារសេ ជាសីតុណ្ហភាព​ក្ដៅ​បំផុត​មិន​ធ្លាប់​មាន​នៅ​វៀតណាម៕