រថយន្តដឹកផ្លែដូងទុំ ពន្លះលុចស៊ី រងការខូចខាតទាំងសងខាង និងរបួសមនុស្សម្នាក់

(ភ្នំពេញ)៖ រថយន្តកូរ៉េដឹកផ្លែដូងទុំ បើកលឿន មិនប្រយ័ត្នជ្រុលបុករថយន្តលុចស៊ីស RX300មួយគ្រឿង កំពុងបើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចសួរសុបិនចម្ការព្រីង តាមបណ្ដោយផ្លូវ២០១១ កែងនិងផ្លូវឧកញ៉ាទ្រីហេង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសនារីពីរនាក់ បានបើកបររថយន្តមួយគ្រឿង ម៉ាកលិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-5948 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវឧកញ្ញ៉ាទ្រីហេង លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែករថយន្តខាងលើ ក៏បានបត់ឆ្វេងឆ្លងទៅផ្លូវ២០១១ នៅពេលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែរថយន្តកូរ៉េមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយដឹកដូងទុំ ពណ៌បៃតងលាយស ពាក់ស្លាកលេខ កំពង់ចាម 3A-6594 បើកបរដោយបុរសពីរនាក់ ទើបតែដឹកផ្លែដូងទុំ មកពីខេត្តកំពត បំណង់ដឹកយកទៅខេត្តកំពង់ចាម ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តលុចស៊ីសខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកបររថយន្តលុចស៊ីសរងរបួសស្រាល និងរថយន្តរងការខូចខាតក្រពឹតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ។ ចំណែកឯរថយន្តកូរ៉េ បានរងការខូចខាតក្រពឹតកាងផ្នែកខាងមុខចំហៀងខាងឆ្វេង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់កន្លែងកើតហេតុ ហើយដោយភាគីទាំងសងខាង មិនអាចសម្របសម្រួលគ្នាបាន ទើបសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕