តើ​គួរ​សរសេរ​ឈ្មោះ​នាយករដ្ឋមន្រ្តី​ជប៉ុន «Shinzo Abe ឬ Abe Shinzo»?

បរទេស៖ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ លោក Taro Kono រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន បាន​ជំរុញ​ឱ្យ​សារព័ត៌មាន​បរទេស​សរសេរ​ឈ្មោះ​នាយករដ្ឋមន្រ្តី​ជប៉ុន​ថា «Abe Shinzo» ខណៈជា​ទូទៅ​គេសរសេរ​ថា «Shinzo Abe»។
ការ​ស្នើ​ឱ្យកែ​តម្រូវបែប​នេះ គឺ​ដោយសារតែ​លោករដ្ឋមន្រ្តី ចង់​ឱ្យ​សារព័ត៌មាន​បរទេស​សរសេរ​ឈ្មោះ ដោយដាក់​នាមត្រកូល​នៅខាង​មុខ បន្ទាប់មក​គឺ​នាមខ្លួន​។ «ខ្ញុំចង់​ឱ្យស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ធ្វើដូច្នេះ ហើយ​ស្ថាប័នសារ​ព័ត៌មានក្នុងស្រុក ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស ក៏គួរតែ​ពិចារណា​ផងដែរ»។
លោក Taro Kono បាន​កត់សម្គាល់​ផងដែរ​ពីការ​សរសេរឈ្មោះ​មេដឹកនាំ​ប្រទេសដទៃ​របស់​សារព័ត៌មានបរទេស​ដោយដាក់​នាម​ត្រកូល​នៅខាងមុខ ដូចជា លោក Xi Jinping ប្រធានាធិបតី​ចិន និង​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េខាងត្បូងជាដើម។

ការ​អនុវត្ត​ការ​ដាក់នាម​ត្រកូល​នៅខាងក្រោយ​នាមខ្លួន​របស់​ជប៉ុន ធ្វើឡើង​ក្នុង​អំឡុង​សត្សវត្សរ៍​ទី១៩ ក្នុង​រាជ្យ Meiji ដែល​បាន​ធ្វើតាម​ស្តង់ដារ​អន្តរជាតិ​នាពេល​នោះ៕