ចោរលួចរថយន្ត TOYOTA PRIUS នៅខណ្ឌមានជ័យ តែមកជាប់អន្ទាក់សមត្ថកិច្ចស្រុកត្រាំកក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ ស្ទាក់ចាប់ខ្លួន ក្រោយពីទទួលព័ត៌មានថា មានករណីលួចរថយន្ត TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-7042 សេរី២០០៤ បើកចេញពីការ៉ាស់ថែទាំរថយន្តយីហោ “មាតា” មានទីតាំងស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងជិត០២:៥០នាទីទាបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ហេីយបេីកចេញពីរាជធានីភ្នំពេញ រត់មកតាមផ្លូវជាតិលេខ៤១ ឆ្លងកាត់ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមៗ អធិការរដ្ឋាននគរបាលស្រុកត្រាំកក់ ដាក់កម្លាំងឱ្យចេញល្បាតត្រួតពិនិត្យ ពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់វេលាម៉ោង០៥:២០នាទីព្រឹក កម្លាំងជំនាញបានប្រទះឃើញរថយន្ត​ភិនភាគដូចខាងលើក៏បានដេញតាម និងស្ទាក់ចាប់បាននៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ។

ជនសង្ស័យ ឈ្មោះ ហុក រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្ត តាកែវ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រថយន្តខាងលើ គឺរូបគេបានលួចមកពីការ៉ាស់ឡានថែទាំរថយន្តយីហោ មាតា នៅភ្នំពេញ។

ក្រោយទទួលបានចម្លើយសារភាព បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កសាងសំណុំរឿង ជនសង្ស័យនិងវត្ថុតាង ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វេីការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕