Samsung លេង​យុទ្ធសាស្ត្រ​ដាក់​កាមេរ៉ា​ភ្លោះ​តែលើ​​ម៉ូដែល​ Plus ដូច​ Apple

នៅ​ថ្ងៃ​នេះ​មាន​ការ​លេច​ចេញ​រូបរាង​ Render របស់​ Galaxy S9/S9+ ដែល​ចែក​ចាយ​ដោយ​គណនី​ Twitter ឈ្មោះ​ថា​ @OnLeaks (គណនី​ដែល​ធ្លាប់​ចែក​ចាយ​ដំណឹង​ថ្មីៗ​​ជា​ច្រើន​ពី​ស្មាតហ្វូន ហើយ​ភាគ​ច្រើន​ជា​ព័ត៌មាន​ពិត)។

រូបភាព​ Render ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​រូបភាព​​ដ្យាក្រាម​​ដែល​បាន​ពី​រោងចក្រ​ផលិត។ តាម​រូបភាព​បង្ហាញ​ថា​ Galaxy S9/S9+ មាន​រូបរាង​មិន​ខុស​ពី​ Galaxy S8/S8+ ឡើយ ប៉ុន្តែ​មាន​​ចំណុច​ខុស​គ្នា​ធំៗ​​ចំនួន​ពីរ ទី​មួយ​គឺ​ទីតាំង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ ដែល​បាន​ប្ដូរ​ទីតាំង​មក​នៅ​ក្រោម​កាមេរ៉ា​​ផ្នែក​ខាង​ក្រោយ​វិញ។

ទី​ពីរ​នោះ​គឺ​នៅ​លើ​ Galaxy S9+ មាន​បន្ថែម​កាមេរ៉ា​​ខាង​ក្រោយ​មួយ​គ្រាប់​ទៀត បង្កើត​បាន​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ដូច​ជា​ Galaxy Note 8 ដែរ​ ប៉ុន្តែ​លើ​ S9+ មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​បញ្ឈរ។ ជា​មួយ​នឹង​ Galaxy S9/S9+ នេះ​ Samsung ទំនង​ជា​ធ្វើ​ដូច​ជា​ Apple ​ដែល​​បំពាក់​កាមេរ៉ា​​ខ្លឹម​នៅ​លើ​ម៉ូដែល​​ទំហំ​ធំ​ជាង។  

​​​​​​​​គេ​ជឿជាក់​ថា​ Samsung នឹង​ប្រកាស​ចេញ​ Galaxy S9/S9+ នៅ​​ក្នុង​ពេល​ប៉ុន្មាន​ខែ​ទៀត​ ដោយ​អាច​ប្រកាស​ចេញ​ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ MWC ឆ្នាំ​ ២០១៨ (២៨ ខែ​កុម្ភៈ – ១ ខែ​មីនា)៕ប្រភព សប្បាយ