សត្វជ្រូក ១,៥លានក្បាលងាប់ ឬត្រូវសម្លាប់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្តរាលដាលចូលខេត្ត ២ទៀត នៅវៀតណាម

(បរទេស)៖ ខេត្តពីរទៀតនៅភាគខាងត្បូង ប្រទេសវៀតណាម គឺខេត្ត Binh Duong និង An Giang បានរាយការណ៍ពីការផ្ទុះ នៃជំងឺប៉េស្តជ្រូកអាហ្រ្វិក។ មន្ត្រីសុខភាពសត្វនៅខេត្ត Binh Duong ដែលនៅជាប់នឹងទីក្រុងហូជីមិញ បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានសម្អាតតំបន់ ដែលមានមេរោគចំនួនពីរ នៅក្នុងឃុំចំនួនពីរបន្ទាប់ពី បានសម្លាប់ជ្រូកចំនួនជាង ១.០០០ក្បាលមក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងថា អាជ្ញាធរខេត្ត An Giang បានរាយការណ៍កាលពីថ្ងៃពុធថា ពួកគេបានសម្លាប់សត្វជ្រូកចំនួន ៥២ក្បាល។ ការស៊ើបអង្កេតបឋមបានបង្ហាញថា សត្វជ្រូកប្រហែលជាឆ្លងមេរោគ ពីចំណីសត្វគោក្របី។

ទាំងខេត្ត An Giang និងខេត្ត Binh Duong បានរៀបចំវិធានការដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺនេះ។ មន្ទីរផលិត និងបសុសត្វខេត្ត An Giang បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៨ នៅលើផ្លូវថ្នល់ និងពីរកន្លែងទៀតនៅលើទន្លេទៀន និងហូវ ដែលជាដៃទន្លេនៃទន្លេមេគង្គ នៅវៀតណាម។

សូមជម្រាបថា យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម បានឱ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវបាន រកឃើញនៅក្នុងខេត្ត និងនៅទីក្រុងយ៉ាងតិចចំនួន ៣៤ នៅក្នុងប្រទេសវៀតណាម ហើយចំនួនជ្រូកមានចំនួន ១,៥ លានក្បាលត្រូវបានសម្លាប់ ឬត្រូវបានគេសម្លាប់ ឬស្មើនឹង ៥ ភាគរយនៃចំនួនជ្រូក សរុបរបស់ប្រទេស ៕