ពិធីប្រកាសសមាសភាពក្រុមការងារ ដើម្បីត្រួតពិនិត្យកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តដំណាក់កាលទី៤

បាត់ដំបង: នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារ ដើម្បីត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រុងបាត់ដំបង ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រុងបាត់ដំបង ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័ន លោក លោកស្រីជាទីប្រឹក្សា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង កងកម្លាំងទាំងបីប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ សាលាខេត្ត សាលាក្រុង នឹិងជាសមាជិក សមាជិកា ក្រុមការងារ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត សំដៅបន្តអនុវត្តកម្មវិធីនយោបាយខាងលើនេះ ប្រកបដោយប្រសិទ្ធភាព នៅគ្រប់មូលដ្ឋានទូទាំងប្រទេស ។

លោក ងួន រតន: បានថ្លែងថា ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុងបាត់ដំបង ក្រុមការងារអាចចុះធ្វើសកម្មភាពរាល់ថ្ងៃក្នុងម៉ោងរដ្ឋបាលបាន ដើម្បីជួយត្រួតពិនិត្យមើលភាពកង្វះខាត និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ពិសេសក្រុងបាត់ដំបងដែលមានសង្កាត់ទាំង១០ផងដែរ។

លោកបានបន្តទៀតថា តួនាទីចម្បងរបស់ក្រុមការងារគឺ លើកកម្ពស់ការដឹកនាំ សម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារភូមិឃុំមានសុវត្ថិភាព និងបន្តធ្វើវេទិកាសាធារណៈ ៕