បិទផ្លូវតវ៉ា! តុលាការកំពូល បញ្ជាក់ថា ឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺមានតែជួបសម្លាប់ម្នាក់គត់

(ភ្នំពេញ)៖ តុលាការកំពូលរកឃើញថា ជនជាប់ចោទ អឿត អាង ហៅ ជួបសម្លាប់ គឺជាឃាតកម្នាក់គត់ ដែលបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ហើយត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ អស់មួយជីវិត ។

សេចក្តីសម្រេចបិទផ្លូវតវ៉ា របស់តុលាការកំពូលនាពេលនេះ គឺបានធ្វើឡើង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ។

ទោះបីយ៉ាងណារឿងក្តីបាញ់ សម្លាប់លោកបណ្ឌិត កែម ឡី ដ៏កក្រើកនេះតុលាការ បានបំបែកសំណុំរឿងជា ២ ដោយស្វែងរកអ្នកលក់កាំភ្លើង ឱ្យជួបសម្លាប់ និងអ្នកផ្តល់កន្លែងស្នាក់នៅ ឱ្យ ជួបសម្លាប់ នារាជធានីភ្នំពេញ ដែលរយៈពេលជាង២ឆ្នាំមកនេះ តុលាការពុំទាន់ បង្ហាញលទ្ធផលបែបណា នៅឡើយទេ ។

ជនជាប់ចោទ អឿត អាង ហៅ ជួបសម្លាប់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ២០១៦ បន្ទាប់ពីមានករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅចំណុចផ្សារស្តាម៉ាត ស្ថានីយប្រេងសាំងកាល់តិចស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការស្លាប់របស់លោកបណ្ឌិត កែម ឡី ធ្វើឲ្យអ្នកគាំទ្រលោក ក្តុកក្តួលយ៉ាងខ្លាំង និងទាមទារដាច់ខាត ដើម្បីស្វែងរកយុត្តិធម៌ ជូនលោកបណ្ឌិត កែម ឡី ។

មូលហេតុនៃការ បាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានជនជាប់ចោទ អឿត អាង ហៅ ជួបសម្លាប់ សារភាពថា ដោយសារលោកបណ្ឌិត កែម ឡី ជំពាក់ប្រាក់មិនសង ៕