កញ្ញា យិន ម៉ាណា ត្រូវបានតុលាការសម្រេចដោះលែងពីពន្ធនាគារ បន្ទាប់ពីអនុវត្តន៍ទោស២ខែ

ភ្នំពេញ៖ កញ្ញា យិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់នោះ ត្រូវបានតុលាការសម្រេចចេញដីកាដោះលែង ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីនាងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ តែអនុវត្តន៍ត្រឹម២ខែប៉ុណ្ណោះ។

បើតាមមន្ត្រីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកឲ្យដឹងថា នាង យិន ម៉ាណា ត្រូវបានដោះលែងនៅរសៀលម៉ោង0៥ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនាង យិន ម៉ាណា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ។ សាលក្រមនោះ ត្រូវបានប្រកាសដោយលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។

ក្រោយបង្កគ្រោះថ្នាក់ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដោយបានបើករថយន្តម៉ាក Rang Rover ស្លាកលេខភ្នំពេញ 2AF-7777 យ៉ាងលឿន ទៅបុកនិស្សិតឆ្នើម ឌុំ រីដា នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូ និងមនុស្សប៉ើងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង៕