លោក Narendra Modi ស្បថបន្តចូលកាន់តំណែងសម្រាប់អាណត្តិទីពីរ

បរទេស៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នាថ្ងៃព្រហស្បតិ៍ម្សិលមិញ បានស្បថចូលកាន់តំណែងដើម្បីបន្តដឹកនាំ ប្រទេស សម្រាប់អាណត្តិទីពីរ បន្ទាប់ពីគណបក្សរបស់លោក បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន។ នេះ បើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

ពិធីស្បថចូលកាន់តំណែងរបស់លោក Modi ត្រូវបានប្រារព្ធឡើង នៅចំពោះមុខវត្តមានរបស់ភ្ញៀវកិត្តិយសប្រមាណ៨,០០០នាក់ ក្នុងវិមានប្រធានាធិបតីឥណ្ឌា ដែលក្នុងចំណោមនោះ ក៏មានវត្តមានរបស់មេដឹកនាំនៃប្រទេសចំនួន០៨ផងដែរ រួមានបង់ក្លាដែស មីយ៉ាន់ម៉ា និងថៃជាដើម។

គួរជម្រាបថា បើតាមលទ្ធផលឆ្នោតចុងក្រោយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គណប្ស BJP របស់ លោក Modi ទទួលបានអាសនៈនៅក្នុងសភាចំនួន៣០០អសនៈ ក្នុងចំណោមអាសនៈសរុប៥៤៣ ដែលនេះគឺជាជ័យជម្នះដ៏ធំបំផុត បើធៀប ទៅ នឹងការបោះឆ្នោត កាលពីឆ្នាំ២០១៤។ ចំណែកឯ មេដឹកនាំគណបក្សប្រឆាំងលោក Rahul Gandhi ក៏បានទទួលស្គាល់ បរាជ័យដោយ សម្រួល ផងដែរ៕