ISIS ព្រមានមួយឃ្លា៖ ការទទួលស្គាល់ហ្សេរុយសាឡឹម មានន័យថា ត្រាំ​ទទួលស្គាល់ «គ្រាប់បែក» ជារដ្ឋធានីអាមេរិក

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីស្ងប់ស្ងាត់​អស់មួយរយៈ នៅទីបំផុត​ពួក ISIS បានចេញមុខព្រមានថា ពួកគេនឹងធ្វើ​ការឆ្លើយតបទៅនឹង​ការសម្រេចចិត្ត ទទួលស្គាល់ទីក្រុង ហ្សេរុយសាឡឹម​ ជារដ្ឋធានីរបស់​អ៊ីស្រាអែល របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជាមួយការបង្កើន​ការវាយប្រហារ​ នៅលើទឹកដី​អាមេរិក។ នេះបើ​តាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

ពួក ISIS ធ្វើការព្រមានបែបនេះនៅលើបណ្ដាញ Telegram តាមរយៈការបង្ហោះសារ​គំរាមអមដោយរូបភាព នៃសកម្មភាពវាយប្រហារភេរវកម្ម​បំផ្ទុះគ្រាប់បែក។ ពួក ISIS បាន​ព្រមាន​ដូច្នេះថា «យើងនឹងធ្វើបង្កើនសកម្មភាព​វាយប្រហារកាន់តែច្រើន រហូតដល់ទីបញ្ចប់ ហើយយើងដុតកម្ទេចអ្នកជាមួយភ្លើងសង្រ្គាមដូចដែលអ្នកបានធ្វើនៅ អ៊ីរ៉ាក់ យ៉េមែន លីប៊ី ស៊ីរី និងអាហ្វហ្គានីស្ថាន… អ្នករង់ចាំមើលចុះ។ ការទទួលស្គាល់​ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ (អាឆ្កែ) ដូណាល់ ត្រាំ ជារដ្ឋធានី​អ៊ីស្រាអែល មានន័យថា សហរដ្ឋអាមេរិក​នឹងទទួលស្គាល់​ការវាយប្រហារបំផ្ទុះ​គ្រាប់បែក ជារដ្ឋធានី​នៃប្រទេស​របស់ខ្លួន»

គួរបញ្ជាក់ថា ការទទួលស្គាល់​ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល បាននិងបង្កជាកំហឹងយ៉ាង​ខ្លាំង នៅក្នុងចំណោមប្រទេស​អ្នកកាន់សាសនា​អ៊ីស្លាម ខណៈក្រុម អ្នកជំនាញថា ក្រុម ISIS យល់ថា នឹងប្រើឱកាសនេះ​ដើម្បីពង្រីកមនោគមវិជ្ជា​របស់ខ្លួនឡើងវិញ តាមរយៈការអំពាវនាវ​ឱ្យអ្នកកាន់សាសនាអ៊ីស្លាម​ទំាងអស់ ចូលរួមជាមួយ ខ្លួនប្រយុទ្ធប្រឆាំង​នឹង​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល៕ប្រភព freshnews