អភិបាល​រាជធានី​ភ្នំពេញ​ អាច​បង្ក្រាប​បទល្មើស​នានា​ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ក្នុង​រាជធានី​ភ្នំពេញ​បាន​ទេ​?

ភ្នំពេញ៖ ​​លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ដាក់​ចេញ​ជា​វិធានការ​ក្ដៅ​លើ​ការ​បង្ក្រាប​បទល្មើស​នានា​ និង​បង្ក្រាប​ល្បែងស៊ីសង់​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូ​ទាំង​ខណ្ឌ​ ទាំង​១៤​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​រស់នៅ​ដោយ​ភាព​កក់ក្តៅ​ និង​សុខសាន្ត​ក្នុង​ការ​រស់​ខណៈ​ដែល​ប្រទេស​ជាតិ​មាន​សន្តិភាព​ពេញ​បរិបូណ៌​។​

ការ​ដាក់​ចេញ​នូវ​វិធានការ​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ ​ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​ពីរ​ភេទ​អាជ្ញាធរ​ដែនដី​ទាំង​១៤​ខណ្ឌ​ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ព្រោះ​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​វា​ជា​ចំណុច​ដែល​ផ្ដើម​ឱ្យ​មាន​បទល្មើស​ផ្សេងៗ​ ធ្វើ​ឱ្យ​បាត់បង់​ស្ថេ​រ​ភាព​នៅ​ក្នុង​សង្គម​ដូច​ជា​អំពើ​ ឆក់​ ប្លន់​ ឬ​លួច​ជាដើម​។​ ចំពោះ​បញ្ហា​គ្រឿងញៀន​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែល​អាជ្ញាធរ​បាន​នឹង​កំពុងធ្វើការ​ដោះស្រាយ​ផង​ដែរ​។​