ប្រទេស​ណាខ្លះ ដែល​កងទ័ព​មួកខៀវ​ខ្មែរ ទៅ​បំពេញ​បេសកកម្ម​ក្រោមឆត្រ UN?

ភ្នំពេញ៖ រយៈពេល ១៣​ឆ្នាំ​មក​នេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​បំពេញ​បេសកកម្ម​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​ចំនួន ៨​ប្រទេស រួមមាន៖ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លីបង់ សាយប្រឺស (កោះស៊ីប) ស៊ីរី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល សរុប​ចំនួន ៦២៧៨​នាក់ ក្នុងនោះ​នារី ចំនួន ៣១៥​នាក់។ នេះបើ​តាមការ​លើកឡើង​របស់​លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ​ប្រចាំ​ការក្រសួង​ការ​បរទេស នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​ដោះមីន​កម្រិត​ខ្ពស់​ថ្នាក់តំបន់ និង​អាស៊ាន សម្រាប់​គ្រូបង្គោល​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​

ប្រជាជាតិ នាព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​ការបរទេស។
លោក អ៊ុច បូររិទ្ធ បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ​ កម្លាំង​កម្ពុជា​មាន​ចំនួន ៧៨៨​នាក់​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅប្រទេស​ចំនួន​៥ លើ​ជំនាញ​កម្ទេច​គ្រាប់មិន​ទាន់ផ្ទុះ វិស្វកម្ម​សំណង់ វិស្វកម្ម​ព្រលាន​យន្តហោះ អាវុធហត្ថ នាយទាហាន​សង្កេតការណ៍ និង​នាយទាហាន​សេនាធិការ។

លោក​បន្ត​ថា ក្នុងឆ្នាំ២០១៩​នេះ និង​ទៅ​អនាគត កម្ពុជា​នៅតែ​ប្តេជ្ញា​ចិត្ត​ខ្ពស់ បន្ត​សកម្មភាព​មនុស្សធម៌ តាមរយៈ​ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ ក្នុង​ពិភពលោក​ជា​បន្ត​ទៀត ដោយ​ត្រៀមរៀប​ចំកម្លាំង និង​មធ្យោបាយ​នានា សម្រាប់​ដាក់បញ្ចូល​ក្នុង​កម្រិត​នៃ​ប្រព័ន្ធ​រៀបរយ​សមត្ថភាព​រក្សាសន្តិភាព (UN Peacekeeping Capacity Readiness System- UNPCRS)។

ជាមួយគ្នានេះ លោក​រដ្ឋលេខា​ធិការ ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ជាមិត្ត​ទាំងអស់ បន្ត​ជួយគាំទ្រ​ទាំង​ថវិកា ឧបករណ៍ សម្ភារៈ មធ្យោបាយ និង​ធនធាន​មនុស្ស សម្រាប់​បណ្តា​ឆ្នាំ​ខាងមុខ។

លោក​ឧត្តមសេនីយ៍​ឯក កេន សូសាវឿន អគ្គនាយករង​មជ្ឈមណ្ឌលជាតិ​គ្រប់គ្រង​កង​កម្លាំង​សន្តិភាព​បោស​សំអាត​មីន និង​កាកសំណល់​សង្គ្រាម បាន​ថ្លែង​ក្នុងពិធីនេះ​ថា វគ្គ​សិក្សា​នេះ បានបង្ហាញ​ឲ្យឃើញ​ពីការ​តាំងចិត្ត​ខ្ពស់​របស់​ប្រទេស​ជាច្រើន​នៅក្នុង​អាស៊ាន និង​តំបន់ បាន​រួមគ្នា​ដោះស្រាយ​នូវរាល់​បញ្ហា​មីន និង​សំណល់​ជាតិផ្ទុះ​ពីសង្គ្រាម​តាមរយៈ​ការចូលរួម​ចែករំលែក​បទពិសោធន៍គ្នា​ទៅវិញ​ទៅមក រវាង​សិក្ខាកាម និង​សិក្ខាកាម រវាង​គ្រូយោធាចារ្យ និង​គ្រូ​យោធាចារ្យ និងរវាង​ប្រទេសនិងប្រទេស។

វគ្គហ្វឹកហ្វឺន​នេះ មាន​រយៈពេល ២៩​ថ្ងៃ ដោយ​ចែកចេញ​ជា ២​ដំណាក់កាល៖

-ដំណាក់កាល​ទី១៖ គឺការ​មកដល់​របស់​គ្រូយោធាចារ្យ​បរទេស​មកដល់​កម្ពុជា ពីថ្ងៃទី ៣ ខែ​ឧសភា ឆ្នាំ​២០១៩ និង​អាមេរិក។ ក្នុង​ អំឡុងពេលនោះ​ បណ្ដា​គ្រូ​យោធាចារ្យ​អញ្ជើញ​មកពី​បទេស​ចិន បារាំង កូរ៉េអាមេរិក និង​សហព័ន្ធ​រុស្ស៊ី។

-ដំណាក់កាលទី២៖ ថ្ងៃទី១៣-៣១ ខែ​ឧសភា ឆ្នាំ​២០១៩ ការហ្វឹកហ្វឺន​ចាប់ផ្ដើម​ដំណើរការ​ដោយមាន​សិក្ខាកាម​ចូល​រួមចំនួន ៨​ប្រទេស ក្នុងនោះ​សិក្ខាកាម​កម្ពុជា​ចំនួន ១០​នាក់ ម៉ាឡេស៊ី ២​នាក់ មីយ៉ាន់ម៉ា ២​នាក់ វៀតណាម ២​នាក់ ចិន ២​នាក់ ម៉ុងហ្គោលី២​នាក់ ថៃពីរ​នាក់ កូរ៉េ​ខាងត្បូង ២​នាក់ មន្ត្រី​អង្គការ​សហប្រជា​ជាតិ​ប្រចាំឧសភាព​កូរ៉េ២នាក់​ សរុប​សិក្ខា​កាម​ទាំងអស់​ចំនួន ២៦នាក់៕