តូចចិត្តនឹងបងប្អូនមិនឲ្យយកប្ដីថ្មី ចងកធ្វើអត្តឃាត​សម្លាប់​ខ្លួនចោលកូន២នាក់

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៥ៈ១០នាទីរសៀល ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ ខណៈមានប្រជាពលរដ្ឋប្រទះឃើញស្ត្រីមេម៉ាយវ័យ៣៣ឆ្នាំម្នាក់ បានតូចចិត្ត​ជាមួយបងប្អូននៅឯស្រុកកំណើត ដោយមិនចង់ឲ្យយកប្ដីថ្មី ក៏សម្រេចចិត្ត​ចងកធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលជាន់ទី២ បន្ទប់លេខ៦ ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ កែវ ស្នា អាយុ៣៣ឆ្នាំ មុខរបនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្ត​តាកែវ។ រីឯប្ដីក្រោយមានឈ្មោះ មឿន រ៉ាវី អាយុ៣៣ឆ្នាំ មុខរបមេជាងសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា។មានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

យោងតាមការរៀបរាប់ពីប្ដីក្រោយរបស់ជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងជន​រងគ្រោះបានស្គាល់គ្នាជាង៥ខែមកហើយ ដោយជនរងគ្រោះមានកូនប្រុសស្រី​២នាក់ និងបានរស់នៅជាមួយគ្នាទាំងមិនទាន់រៀបការ និងស្រឡាញ់គ្នាណាស់។ ប្ដីក្រោយរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា សង្ស័យតែសាច់ញាតិជន​រងគ្រោះមិនឲ្យរៀបការជាមួយគាត់ហើយមើលទៅ ទើបរូបនាងគិតខ្លីបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញ​ខាង​កោសលវិច័យឲ្យមកពិនិត្យសពជន រងគ្រោះ ទើបសមត្ថកិច្ចជំនាញសន្និដ្ឋាន​ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង​ពិត​ប្រាកដមែន។

បច្ចុប្បន្ន សពជនរងគ្រោះខាងលើត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់ទុក​នៅវត្តតាំងក្រសាំងខាងត្បូង​​ រង់ចាំបងប្អូនមក និងប្រគល់ឲ្យយកទៅធ្វើបុណ្យតាម​ប្រពៃណី៕