ធនាគារ ABA កំពុងត្រៀមខ្លួនឡើងផ្សារហ៊ុន (CSX) ឆាប់ៗខាងមុននេះ

កំសាន្ត៖ ស្របពេលដែលទីផ្សារមូលបត្រកម្ពុជាចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីមហាជន និងវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ធនាគារដែលកំពុងតែលេចធ្លោរនៅកម្ពុជា ABA កំពុងត្រៀមលក្ខណៈឡើងលើទីផ្សារមូលបត្រកម្ពុជា (CSX) នាពេលដ៏ខ្លីខាងមុខនេះ។​

យោងតាមគេហទំព័រផ្លូវការរបស់ធនាគារ ABA ដែលប្រកាសផ្សាយជាផ្លូវការកាលពីម្សិលមិញបានបញ្ជាក់ថា ធនាគារ ABA ទើបតែទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីចាប់ផ្តើមដំណើរការរៀបចំការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម (Bond) របស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX)។

តាមប្រភពដដែលបានសរសេរសម្រាយបញ្ជាក់បន្ថែមទៀតថា ចំណូលពីសញ្ញាបណ្ណនេះ នឹងត្រូវយកមកប្រើប្រាស់ដើម្បីពង្រីកការគាំទ្ររបស់យើងខ្ញុំចំពោះអាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ។

ឯកឧ​ត្តម ស៊ូ សុជាតិ អគ្គ​នា​​យ​ក​​នៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ធ្លាប់បានបង្ហើបឱ្យដឹងថា ឆាប់ៗខាងមុននេះ អាចនឹងមានក្រុមហ៊ុនថ្មីពីរផ្សេងទៀត ធ្វើការបោះផ្សាយលក់មូលបត្របំណុលដែរហើយ បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាព និងដំណើរនៃការទីផ្សារមូលបត្រ ចាប់ផ្តើមដំណើរការកាន់តែល្អប្រសើរឡើង ដោយមានការចាប់អារម្មណ៍ច្រើនពីវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ស្របពេលជាមួយគ្នាក៏មានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ និងកំពុងតែរៀបចំខ្លួន បោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលផងដែរ។

គួរជម្រាបផងដែរថា បច្ចុប្បន្ន ចំនួនអ្នកបើកគណនីជួញដូរភាគហ៊ុនសរុបមានចំនួនប្រមាណជាង៦ម៉ឺននាក់ហើយ៕