ក្រសួង​ព័ត៌មាន ​កំពុង​រៀបចំ​កែតម្រូវ​ឡើងវិញ​ លើ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ ដល់​អ្នកសារព័ត៌មាន​

(សៀមរាប)៖ ​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ថ្លែងថា ​ក្រសួង​ព័ត៍មានបាន​ នឹង​កំពុង​រៀបចំ​កែ​​តម្រូវ​ឡើងវិញ​លើ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​អ្នកសារព័ត៌មាន​ ​ការធ្វើ​របៀបនេះ ​ដើម្បី​បង្កើន​ កម្រិត​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន ​លើកកម្ពស់​វិស័យ​សារព័ត៌មាន ​និង​ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៍មាន​មាន​ភាព​ត្រឹមត្រូវ ​និង​ការផ្សាយ​មាន​តុល្យភាព​។

ឯកឧត្តម ខៀវ ​កាញារីទ្ធ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​នៅក្នុង​ពិធី​សិក្ខា​សាល​ាស្ដីពី​”​តួនាទី​អ្នកសារព័ត៌មាន​” ដែល​ធ្វើឡើង​ នៅ​ខេត្ដ​សៀមរាប ​កាលពី​ចុង​សប្ដាហ៍​នេះ ​បាន​លើកឡើងថា ​បច្ចុប្បន្ននេះ ​ចាងហ្វាង និង​អ្នកកាសែត​មួយចំនួន ​បាន​សរសេរ​ព័ត៍មាន​មិនត្រូវ​តួអក្សរ​ខ្មែរ ​នៅក្នុង​វេ​ប​សាយ​ និង​លើ​កាសែត​របស់ខ្លួន ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកសារព័ត៍មាន​ត្រឹមត្រូវ ​និង​មានការ​រិះគន់​ពី​អ្នកអាន ​ដែលជា​ហេតុ​ធ្វើឱ្យ​បាត់បង់​តម្លៃ​ព័ត៍មាន​ និង​តម្លៃ​អ្នកសារព័ត៍មាន​។

អ្នកសារព័ត៍មាន​ និង​ចាងហ្វាង​ការ​ផ្សាយ​នីមួយៗ យ៉ាងហោចណាស់​គួរ​មាន​កម្រិតវប្បធម៌​ថ្នាក់​បរិញ្ញាបត្រ ​និង​អ្នក​ថតរូប​ព័ត៌មាន ត្រូវ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ ​ទើប​ផ្ដល់​អាជ្ញាប័ណ្ណ ​ដើម្បី​បង្កើន​តម្លៃ​ព័ត៍មាន​ និង​វិជ្ជាជីវៈ​អ្នក​សារព័ត៍មាន ​និង​ដើម្បី​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៍មាន​មាន​តុល្យភាព​។

ឯកឧត្ដម ​បាន​បញ្ជាក់ថា ចាងហ្វាង ឬ ​អ្នកកាសែត ​បើ​មិនទាន់​ចប់​បរិញ្ញាបត្រ ​ត្រូវមាន​បទពិសោធន៍​សរសេរ​ព័ត៍មាន​ ច្រើន​ឆ្នាំ ចំណែក​អ្នក​ថតរូប​ ត្រូវមាន​បទពិសោធន៍​ពី​១០​ឆ្នាំ ​ឬ​ទៅ​១៥​ឆ្នាំ ​មុននឹង​ផ្ដល់​អាជ្ញាប័ណ្ណ ​ជា​ចាងហ្វាង​ការផ្សាយ ឬ​ធ្វើជា​អ្នកសារព័ត៌មាន​។

​បច្ចុប្បន្ន ស្ថាប័ន​ព័ត៌មាន​ ក្នុង​ប្រទេស​កម្ពុជា ​ចង់​ជាប់​លេខ​មួយ​ នៅលើ​ពិភពលោក ​ដោយមាន​ប្រមាណ​ជាង​៧០០​ស្ថាប័ន ​ដែល​ស្ថាប័ន​ខ្លះ​ មិន​មាន​ការ​ចេញផ្សាយ​ ដោយ​ដើរ​សុំ​លុយ​ពី​គណបក្ស​នយោបាយ ​មុនពេល​ជិត​ដល់​បោះឆ្នោត​ប៉ុណ្ណោះ​។

ឯកឧត្ដម បាន​អំពាវ​ដល់​អាជ្ញាធរ​គ្រប់​ស្ថាប័ន​ផងដែរ ​ត្រូវធ្វើ​យ៉ាងណា​ផ្ដល់​កា​រឆ្លើយតប​ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នកសារព័ត៍មាន​ឱ្យ​បាន​ទាន់​ពេលវេលា​ ដើម្បី​ធ្វើ​ឱ្យ​ព័ត៍មាន ​មាន​ភាព​ត្រឹមត្រូវ​ទាំង​អាជ្ញាធរ ​និង​អ្នកសារព័ត៍មាន​។

លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ដ​សៀមរាប ​បាន​ថ្លែងថា ​ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩​ មន្ទីរ​ព័ត៍មាន​ បានធ្វើ​កិច្ចប្រជុំ​ជាមួយ​អ្នកសារព័ត៍មាន ​ចំនួន​៥​លើក ​ក្នុង​គោលបំណង​បង្កើន​ភាព​ស្និទ្ធស្នាល​គ្រួសារ​អ្នកសារព័ត៍មាន ​និង​ការ​យក​ចិ​ត្ដ​ទុកដាក់​រវាង​មន្ទីរ​ព័ត៍មាន ​និង​អ្នក​សារព័ត៍មាន ដែល​ជា​ដៃគូ​ដ៏​សំខាន់ ក្នុង​ការ​នាំសារ​ឱ្យ​សង្គមជាតិ និង​ប្រជាពលរដ្ឋ​។

លោក​ បាន​បន្ដថា រាល់​កិច្ចប្រជុំ​តែងតែ​លើក​ចំណុច​វិជ្ជមាន ​និង​អវិជ្ជមាន ​ចែករំលែក​បទ​ពិសោធ​ន៍​នានា​ ទៅវិញទៅមក ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​អ្នកសារព័ត៍មាន​មាន​កម្រិត​វិជ្ជាជីវៈ​ខ្ពស់ ​និង​ធ្វើឱ្យ​អ្នក​សារព័ត៍មាន​បំពេញការងារ​បានល្អ​ប្រសើ​រ​៕