ព្រឹកនេះ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលដកហូតឯកសារមិនប្រក្រតី, ឯកសារជាង៣៦,០០០ឯកសារ ត្រូវបានដកហូតពីគ្រួសារជនបរទេស

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលដកហូតឯកសារមិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន្ដ សម្រាប់ខែឧសភា ឆ្នាំ២០១៩ និងទិសដៅការងារមុនបញ្ចប់ឱសានវាទ។

កិច្ចប្រជុំនេះដឹកនាំដោយ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលដឹកនាំការងារអន្ដោប្រវេសន៍ និងមានការចូលរួមពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងថ្នាក់ដឹកនាំនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

របាយការណ៍បានបង្ហាញថា លទ្ធផលសរុបពីដំបូង ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីសរុបចំនួន ៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន្តសរុបចំនួន១៩,៣៩៥គ្រួសារ គិតជាមនុស្សរួម ចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើង ចំនួន៤៩,៦៣៨នាក់(ស្រី ២៣,៩២១នាក់) មាន៩សញ្ជាតិ។

ដោយឡែក ជនបរទេសបែបអន្តោប្រវេសន្ត បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត
អ្នកអាយុ១៨ឆ្នាំឡើង ចំនួន៧៦,៤៩៨នាក់(ស្រី ៣៦,៥៨៥នាក់) គិតជាមនុស្សរួម ចំនួន១១១,៤២១នាក់ (ស្រី៥៣,៥៦៧នាក់) ក្នុង ៣៦,៤៨៥គ្រួសារ។

បានផ្តល់ប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តឲ្យប្រើប្រាស់អ្នកអាយុ១៨ឆ្នាំឡើង សរុបចំនួន៣៣,៩៣៩ប្រកាស (ស្រី ១៦,២៥៤នាក់) គិតជាមនុស្សរួមចំនួន ៥២,៧១០នាក់(ស្រី២៥,៣១៦នាក់) ក្នុងចំនួន ១៧,០៥៧គ្រួសារ នៃអ្នកដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោ
ប្រវេសន្តទាំងអស់៕