ក្រុមការងារចំរុះថ្នាក់ខេត្តចុះប្រជុំជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋសិក្សាគម្រោងអភិរក្សភូមិអណ្ដូងឬស្សីអ្នកស្មូនឆ្នាំង ឲ្យក្លាយទៅជាភូមិទេសចរណ៍

កំពង់ឆ្នាំង៖ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ នៅព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ម្សិលមិញ បានដឹកនាំក្រុមការងារចំរុះថ្នាក់ខេត្តចុះទៅប្រជុំជាមួយប្រជាសហគមន៍ និងអាជ្ញាធរដើម្បីផ្លាស់ប្ដូរយោបល់គ្នាក្នុងគោលបំណងអភិរក្សភូមិអណ្ដូងឫស្សីដែលជាអ្នកប្រកបមុខរបរស្មូនដីឲ្យក្លាយទៅជាភូមិទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ស៊ុន សុវណ្ណរិទ្ធ នៅក្នុងកិច្ចប្រជុំបានលើកឡើងថាកន្លងមកប្រជាពលរដ្ឋយើងនៅក្នុងភូមិអណ្ដូងឫស្សីគឺបានថែរក្សានិងអភិរក្សបានយ៉ាងល្អនូវស្នាដៃរបស់ដូនតាខ្មែរដែលជាអ្នកប្រកបមុខរបរស្មូនឆ្នាំងដីនិងវត្ថុប្រើប្រាស់អំពីដីតាំងពីបុរមបុរាណរហូតមកដល់បច្ចុប្បន្ននេះ ទន្ទឹមនេះដែរស្នាដៃរបស់ប្រជាពលរដ្ឋយើងត្រូវបានភ្ញៀវទេសចរបរទេស និងក្នុងស្រុកចាប់អារម្មណ៍មកទស្សនាស្ទើរតែជារៀងរាល់សប្តាហ៍ដែលធ្វើអោយបងប្អូប្រជាពលរដ្ឋមានកំណើនសេដ្ឋកិច្ចក្នុងគ្រួសារបានដោយសមរម្យផងដែរ ។

ដោយឡែកនៅក្នុងគម្រោងថ្មីៗនេះអាជ្ញាធរខេត្តមានគម្រោងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅក្នុងភូមិអណ្ដូងឫស្សី នាំគ្នាធ្វើសួនបន្លែដាំដុះបន្លែបង្កាដែលមិនប្រេីប្រាស់សារធាតុគីមីនៅក្នុងសហគមន៍ និងនៅតាមលំនៅឋានព្រមទាំងចិញ្ចឹមសត្វនិងដាំដំណាំហូបផ្លែមួយចំនួនទៀតក្នុងគោលបំណងធ្វើឲ្យមានការទាក់ទាញដល់ភ្ញៀវជាតិនិងអន្តរជាតិដែលតែងតែនិយមមកលេងកំសាន្តនិងទស្សនាមុខរបរស្មូនឆ្នាំងដីរបស់ពួកគាត់ ។

កន្លងមកប្រជាពលរដ្ឋបានលក់ដូរនូវផលិតផលត្រឹមតែការស្មូនវត្ថុអនុស្សាវរីយ៍ប្រើប្រាស់អំពីដីតែប៉ុណ្ណោះមិនទាន់បានកែច្នៃនូវការដាំដុះចិញ្ចឹមសត្វដើម្បីបម្រើឲ្យភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងភូមិឃុំរបស់ពួកគាត់ឡើយ ។

ដូច្នេះប្រសិនបើគាត់នាំគ្នាធ្វេីសួនដាក់ដាំបន្លែចិញ្ចឹមសត្វរៀបចំឲ្យភូមិឋានរបស់គាត់មានទេសភាពស្រស់ត្រកាលនឹងមានសួនបន្លែដំណាំរួមផ្សំ ដំណាំហូបផ្លែនៅតាមលំនៅឋានឲ្យកាន់តែស្រស់បំព្រងថែមទៀតនោះ គឺអាចទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកមើលលេងកំសាន្តទស្សនានូវមុខរបរស្មូនឆ្នាំងដីផងក៏ដូចជាមកហូបចុកនៅដំណាំហូបផ្លែ ក៏ដូចជាត្រីសាច់ដែលគាត់ខិតខំចិញ្ចឹមនិងដាំដុះផងដែរ ។

នៅក្នុងគម្រោងខាងលើនេះ ក្រុមការងារក៏បានសិក្សាគម្រោងកែលម្អផ្លូវលំនៅក្នុងភូមិអណ្ដូងឫស្សីឲ្យមានគុណភាពរឹងមាំដើម្បីឲ្យភ្ញៀវទេសចរចេញចូលបានងាយស្រួល។ នោះក៏មានគម្រោងឲ្យប្រជាពលរដ្ឋធ្វើរបងផ្ទះឲ្យបានឯកភាពគ្នាដូចជាដាំផ្កាដាំបន្លែដាំដំណាំព្រមទាំងអាចនឹងធ្វើផ្ទះសម្រាប់ទទួលភ្ញៀវទេសចរណ៍ផងដែរ។

គួរបញ្ជាក់ផងដែរថាក្រុមការងារដែលចូលរួមប្រជុំពិភាក្សានៅក្នុងគម្រោងខាងលើនេះមានមន្ត្រីតំណាងឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមន្ទីរសាធារណការខេត្តមន្ទីរទេសចរណ៍ខេត្តមន្ទីរបរិស្ថានខេត្តនិងមន្ទីរសូរិយោដីស្រុកផងដែរ ក្នុងនោះក៏បានឯកភាពនិងធ្វើការផ្សព្វផ្សាយជាមួយអាជ្ញាធរក៏ដូចជា ជាមួយប្រជាសហគមន៍ភូមិអណ្ដូងឫស្សីដើម្បីឲ្យប្រជាពលរដ្ឋស្វែងយល់អំពីគម្រោងផែនការខាងលើនេះនេះដើម្បីរួមគ្នាធ្វើឲ្យភូមិអណ្ដូងឬស្សីក្លាយជាភូមិទេសចរណ៍ដែលទាក់ទាញសម្រាប់បម្រើឱ្យជីវភាពរស់នៅប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។

ទាក់ទងនឹងគម្រោងខាងលើនេះលោកស្រីប្រធានសហគមន៍ភូមិអណ្តូងឫស្សីបានបញ្ចេញយោបល់ថាលោកស្រីនឹងស្វាគមន៍រាល់កិច្ចការនិងគម្រោងការដែលក្រុមការងារថ្នាក់ខេត្តកំពុងសិក្សានិងត្រៀមអភិវឌ្ឍន៍ដោយលោកស្រី និងធ្វើការអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងពីគម្រោងខាងលើនេះរួមគ្នាអភិរក្សមុខរបរស្មូនឆ្នាំងនៅក្នុងភូមិក៏ដូចជាអភិវឌ្ឍគម្រោងរបស់ថ្នាក់ខេត្តឲ្យភូមិអណ្ដូងឬស្សីក្លាយជាភូមិទេសចរណ៍ដ៏កម្រមួយនៅក្នុងខេត្តកំពង់ឆ្នាំង។

លោកប្រធានភូមិអណ្ដូងឫស្សីក៏បានបញ្ចេញយោបល់ថាកន្លងមកអាជ្ញាធរខេត្តស្រុកធ្លាប់មានគម្រោងខាងលើនេះដែរក៏ប៉ុន្តែការអភិវឌ្ឍនៅមិនទាន់បានជោគជ័យនៅឡើយ ប៉ុន្តែម្ដងនេះបានអាជ្ញាធរខេត្តមានគម្រោងពិតប្រាកដប្រជាពលរដ្ឋនៅក្នុងភូមិពិតជាស្វាគមន៍និងចូលរួមជាមិនខានឡើយដើម្បីជាប្រយោជន៍ដល់ពួកគាត់ទាំងអស់គ្នា ៕ សុក្ខារិន កំពង់ឆ្នាំង