តុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនឃាតករំលោភសម្លាប់ក្មេង២នាក់ ដាក់ពន្ធនាគារ ដែលទោសប្រឈមអស់មួយជីវិត

ព្រះសីហនុ៖ នៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ តុលាការខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនឃាតកសម្លាប់ក្មេងទាំង២នាក់ ដាក់ពន្ធនាគារហើយ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ឡូត ផារី ចៅក្រមសើបសួរសាលាដំបូងខេត្ត។

សម្រាប់ជនដៃដល់រូបនេះ តំណាងអយ្យការ នៃសាលាដំបូងខេត្ដព្រះសីហនុ បានសម្រេចចោទប្រកាន់ ចំនួន២បទល្មើស ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា ជនល្មើសឈ្មោះ មៀង វិចិត្រ ដែលជាប់សង្ស័យករណីឃាតកម្មរំលោភសម្លាប់កុមារីឈ្មោះ ផា ស្រីល័ក្ខ និងកុមារាឈ្មោះ ផា សុខលី នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចំនួន២បទល្មើស។

បទល្មើសចំនួន២នោះរួមមាន៖

*ទី១៖ បទឃាតកម្ម មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ។
*ទី២៖ បទឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

គួរជម្រាបថា ជនដៃដល់ដែលសម្លាប់ក្មេងតូចទាំងពីរនាក់ គឺជាមុខសញ្ញាដ៏គ្រោះថ្នាក់មួយ និងបានប្រព្រឹត្តបទល្មើសជាបន្ដបន្ទាប់ពីអតីតកាល រហូតសមត្ថកិច្ចចាប់ខ្លួន និងជាប់ពន្ធនាគារទៀតផង។

មុនពេលកើតហេតុជនដៃដល់រូបនេះ អង្គុយផឹកស្រាស នៅផ្ទះបានកន្លះលីត្រ ក៏ប្រើឲ្យប្រពន្ធរបស់ខ្លួន ជាស្ដ្រីមេម៉ាយកូន ៥នាក់ ទៅទិញពងទាកូនសម្រាប់ក្លែម។ ដោយសារតែប្រពន្ធទៅយូរពេក ខ្លួនបានបន្ដផឹកស្រារហូតដល់មួយលីត្រកន្លះ រួចក៏ដើរទៅតាមប្រពន្ធ ពេលឃើញក្មេងស្រីរងគ្រោះនៅក្នុងផ្ទះក៏ចូលទៅចាប់ទាំងកម្រោល និងប្រើហិង្សារហូតនាងស្លាប់ ពេលនេះកុមារាជាប្អូនបានឃើញដូច្នេះក៏ស្រែចយំ ស្រាប់តែរូបគេបានទះកំផ្លៀង៥-៦ដៃ ហើយទាត់ផ្ទប់ជញ្ជាំងស្លាប់មួយរំពិច មុននាំប្រពន្ធគេចខ្លួនទៅកាន់ស្រុកកំណើត នៅឯស្រុកមេសាង ខេត្តព្រៃវែងតែម្ដង។

ប្រតិបត្តិការបង្ក្រាបឃាតករូបនេះ បានធ្វើឡើងដោយកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដោយមានកិច្ចសហការពីនគរបាលខេត្តព្រះសីហនុ នគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តព្រៃវែង។

អំពើឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយកុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ៕