កិច្ចប្រជុំលើកទី២ ស្តីពីពិនិត្យ វាយម្លៃ វឌ្ឍភាពការងារលើវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំការងារបច្ចេកទេសចម្រុះវិស័យអប់រំដែលប្រារព្ធឡើងដើម្បីពិនិត្យ វាយតម្លៃ វឌ្ឍនភាពការងារ និងលទ្ធផលដែលសម្រេចបានក្នុងគោលដៅដាក់ចេញនូវផែនការយុទ្ធសាស្ត្របន្ត ដើម្បីជំរុញគុណភាពអប់រំនៅកម្ពុជាកាន់តែប្រសើរឡើង។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំរបស់ដៃគូអភិវឌ្ឍប្រមាណ ៦០រូប ផងដេរ ដែលប្រារព្ធធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានឯកភាពលើការអនុវត្តថវិកាកម្មវិធី២០១៩ ការអនុម័តផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ ព្រមទាំងបានផ្តល់អនុសាសន៍បន្ថែមដល់ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ និងដៃគូអភិវឌ្ឍ ការអនុវត្តន៍ គម្រោងភាពជាដៃគូសកលសម្រាប់ការអប់រំលើកទី៣ បេសកកម្ម វឌ្ឍនភាពនៃអនុស្សរណៈយោគយល់ និងគម្រោងវិនិយោគ ឱ្យបន្តការអនុវត្តន៍របស់ខ្លួនដើម្បីទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់៕