ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំវិសាមញ្ញលើកទី១៦ អាណត្តិទី២

ខេត្តត្បូងឃ្មុំ៖ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១៦ អាណត្តិទី២ ដោយផ្តោតសំខាន់ទៅលើការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី២ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកនាយករង គ្រប់វិស័យនៃសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្តពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ម៉ៅឌុង នាយកស្តីទីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី២រួចមក សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត បានអនុម័តដោយលើកដៃយល់ព្រមទាំងអស់ ១០០លើ១០០%។

ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្តន័យ។

មានប្រសាសន៍នាឪកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងអាណត្តិទី១និងទី២ នាពេលកន្លងមក។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍សង្ឃឹមថា ក្នុងអាណត្តិទី៣ ដែលនឹងប្រកាសនាពេលខាងមុខនេះ សមាជិកក្រុមប្រឹក្សាខេត្តអាណត្តិថ្មីនេះ រួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តរុញច្រានរដ្ឋបាលខេត្ត អោយសម្រេចលទ្ធផលការងារជាបន្តទៀតផងដែរ៕