កម្ពុជា​និងវៀតណាម ជំទាស់​នឹង​សម្តី​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ដែល​ថា​វៀតណាម​បាន​ឈ្លានពាន​កម្ពុជា

(ភ្នំពេញ)៖ ​អ្នកនាំពាក្យ​វៀតណាម​ម្នាក់​បាន​និយាយថា សេចក្តីថ្លែងការណ៍​របស់​នាយក​រដ្ឋមន្ត្រី​សិ​ង្ហ​បុរី​ លោក​លី សៀន​ឡុង អំពី​តួនាទី​របស់​វៀតណាម​នៅក្នុង​ការ​វាយ​បណ្តេញ​ពួក​ខ្មែរ​​ក្រហម​នោះ មិន​ឆ្លុះបញ្ចាំង​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​ទេ​។​

​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុក​មួយដែល​ត្រូវ​បាន​បង្ហោះ​កាលពី​ថ្ងៃ​០៣​មិថុនា នាយករដ្ឋមន្ត្រី​ លី បាន​សម្តែង​ការចូលរួម​មរណទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​និង​រដ្ឋបុរស​​ថៃ លោក​ព្រេម ទីណ​ស៊ូ​ឡា​ណុន ដែល​លោក​បាន​និយាយថា​ បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ចំ​ពេល​សមាជិក​អាស៊ាន​៥ រួមគ្នា​«​ប្រឆាំងនឹង​ការឈ្លានពាន​របស់​វៀត​ណា​ម​លើ​កម្ពុជា​និង​​រដ្ឋាភិបាល​កម្ពុជា​ដែល​ចូល​ជំនួស​ខ្មែរក្រហម​»​។​

​សារ​ក្នុង​ហ្វេ​សប៊ុក​បន្តថា​« ថៃ​បាន​ឈរ​នៅ​ជួរមុខ ប្រឈម​នឹង​កងកម្លាំង​វៀតណាម​នៅ​ម្ខាង​ព្រំដែន​ខ្លួន​ជាប់​កម្ពុជា​។​ឧត្តមសេនីយ៍ ព្រេ​ម អង់អាច​ក្លាហាន​មិនឲ្យ​ការ​ឈ្លាន​​នេះ​បាន​សម្រេច​បាន ដោយ​ធ្វើការ​ជាមួយ​ដៃគូ​អាស៊ាន​ដើម្បី​ប្រឆាំងនឹង​ការកាន់កាប់​របស់​វៀត​ណា​ម​នៅតាម​វេទិកា​អន្តរជាតិ​នានា​។​វា​បាន​រារាំង​ការឈ្លានពាន​យោធា​និង​កុំឲ្យ​​ការផ្លាស់ប្តូរ​របប​នេះ​ទៅ​ជា​ស្របច្បាប់​»​។​

​តែ ឡេ ធី ធូ ហាង អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​និយាយថា​«​វៀតណាម “​សោកស្តាយ​” ដែល​សេចក្តីថ្លែងការណ៍​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ប្រវត្តិសាស្ត្រ​ឲ្យបាន​ត្រឹម​ត្រូវ ដោយ​បង្ក​មតិ​សាធារណៈ​អវិជ្ជមាន​។​

​ហាង បាន​និយាយ​ ក្រសួង​បាន​ពិភាក្សា​ជាមួយ​ក្រសួងការបរទេស​សិង្ហ​បុរី អំពី​បញ្ហា​នេះ​។​លោកស្រី​បាន​និយាយថា ការចូលរួម​និង​លះបង់​របស់​វៀតណាម​ក្នុងការ​ជួយ​ប្រជាជន​​កម្ពុជា​បញ្ចប់​របប​ប្រល័យពូជសាសន៍​របស់​ក្រុមខ្មែរក្រហម ជា​ការពិត​និង​ត្រូវបាន​ទទួល​ស្គាល់​ជា​ទូទៅ​។​

​បើ​តាម​សារព័ត៌មាន​វៀតណាម រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​សមាជិក​សភា​កម្ពុជា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម​ហ៊ុន ម៉ា​នី ក៏បាន​រិះគន់​សម្តី​របស់​លោក​លី ផងដែរ​។​​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ប្រាប់​សារព័ត៌មាន​Khmer Times​ថា សម្តេច​​បាន​ស្នើ​ឲ្យសិង្ហ​បុរី​កែ​តម្រូវ​សេចក្តី​ថ្លែង​​ការណ៍​របស់​លោក​លី ព្រោះ​វា​«​មិន​ពិត​និង​មិន​ឆ្លុះបញ្ចាំង​ប្រវត្តិសាស្ត្រ​ត្រឹមត្រូវ​។​យើង​មិន​អាច​ទទួលយក​អ្វី​ដែល​គាត់​បាន​និយាយ​ទេ​។​យើង​បានបញ្ជាក់​រឿង​នេះ​ហើយ​ថា កងទ័ព​​ស្ម័គ្រចិត្ត​វៀតណាម​មកជួយ​រំដោះប្រជាជន​របស់​យើង​»​។​

​ចំណែក​ឯកឧត្ត​ហ៊ុន ម៉ា​នី វិញ​បាន​និយាយ​ថា​ វៀតណាម​បាន​ជួយ​កម្ពុជា​ក្នុង​ការប្រយុទ្ធ​នឹង​ខ្មែរក្រហម​។​យើង​ចង់ឲ្យ​គេ​ជួយសង្គ្រោះ​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម៕