ជនសង្ស័យ២នាក់ដែលជួលម៉ូតូគេយកទៅលក់និងបញ្ចាំត្រូវសមត្ថកិច្ចឃាត់ខ្លួន

(ខេត្តសៀមរាប)៖ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ចំនួន០២នាក់ដែលដើរជួលម៉ូតូនៅតាម ហាងលក់ម៉ូតូមួយ ចំនួនក្នុងក្រុងសៀមរាបហើយបែជាយកទៅលក់នៅភ្នំពេញត្រូវបានកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបតាមប្រម៉ាញ់និងឃាត់ខ្លួនបានជាបន្តបន្ទាប់ហើយ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០២និងទី០៣ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តកំពង់ធំនិងនៅខេត្តសៀមរាប។
នគរបាលជំនាញនៃក្រុងសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី២៩និងថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០១៩ ជនសង្ស័យ ឈ្មោះអៀង គាហេង នឹងបក្ខពួក បានក្លែងធ្វើជាជួលម៉ូតូ ឲ្យភ្ញៀវ ជិះកំសាន្ត ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ពីកន្លែង ជួលម៉ូតូ យីហោ “សៀមរាបស្គូតធឺរេនថល”ស្ថិតនៅ ភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ចំនួន០៥គ្រឿងមាន៖-ម៉ូតូម៉ាកzoomer X សេរី ឆ្នាំ២០១៨ ចំនួន ០៣គ្រឿង ,ស្លាកលេខ សៀមរាប 1AE-9752,ស្លាកលេខ សៀមរាប1AC-9508,ស្លាកលេខ បាត់ដំបង1AF-0066,ម៉ូតូម៉ាក Click០១គ្រឿង សេរី ឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប1AC-6195,ម៉ាកPCX០១គ្រឿង សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប1AC-1576។

ម៉ូតូខាងលើនេះ ជារបស់ ជនរងគ្រោះ ឈ្មោះហុង សុថុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ។លុះដល់ថ្ងៃទី០១ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ២២និង០០នាទីជនសង្ស័យ ខាងលើ ក៏បានមករក ជួលម៉ូតូបន្ថែមទៀត តែជនរងគ្រោះ ឆ្ងល់ហើយសួរជនសង្ស័យថាម៉ូតូ០៥គ្រឿង មុនយកទៅណាមិន ឃើញ ជនសង្ស័យខាងលើ បានឆ្លើយថាម៉ូតូដែលជួលជិះនោះគឺនៅផ្ទះសំណាក់ ដោយមានការសង្ស័យ មិនឃើញម៉ូតូដែលជនសង្ស័យជួលជិះនោះជាច្រើន គ្រឿង ហើយបន្តជួលជិះបន្ថែមទៀត ជនរងគ្រោះ ក៏បានប្តឹងសមត្តកិច្ចនិងនាំជនសង្ស័យមកប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីធ្វើការសាកសួរ និងទទួលពាក្យបណ្តឹង ពីជន រងគ្រោះ ។យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ និងកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយ អធិការនៃអធិការដ្ឋាននគរនបាលក្រុងសៀមរាប ក្រោមកិច្ចសហការណ៍ដ៏ល្អ រវាង ផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប ដឹកនាំនីតិវិធីដោយលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ បាននាំជនរងគ្រោះ ទៅរាជធានីភ្នំពេញ ដើម្បី សហការណ៍គ្នា ជា មួយ កម្លាំង នគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ ចុះធ្វើការ ស្រាវជ្រាវនិងដកហូត ម៉ូតូរបស់ជនរងគ្រោះចំនួន០៥គ្រឿង ត្រឡប់មកខេត្ត សៀមរាប វិញ។ នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ ខណៈដែលនគរបាល និងជនរងគ្រោះ ត្រឡប់មកសៀមរាបវិញ បុគ្គលិក ហាងជួលម៉ូតូ យីហោ “សៀមរាបស្គូតធឺរេនថល”បានខលប្រាប់មក ជនរងគ្រោះថា មានជនសង្ស័យម្នាក់ ឈ្មោះ អ៊ឺង ឆាយហេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ០១ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភំ្នពេញ បានមកជួលម៉ូតូម៉ាកហុងដា CLICK ពណ៌ ស សេរី ឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀរាប 1AC6135 លេខម៉ាស៊ីន ០១៦១៨០៥ ដោយជនសង្ស័យ បានប្រាប់ទៅបុគ្គលិក ជនរងគ្រោះថាជួលជិះក្នុងភូមិសាស្ត្រក្រុងសៀមរាប តែសង្ស័យ បានកំពុងជិះគេចខ្លួនទៅភ្នំពេញ ។

ក្រោយពីជនរងគ្រោះ និង នគរបាលក្រុងសៀមរាប យើង ទទួល បានព័ត៌មានភ្លាមៗ ក៏បានស្នើរតាមរយះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដើម្បីសុំកិច្ចសហការពី អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើការ ឃាត់ជនសង្ស័យ រួមទាំងម៉ូតូរបស់ជនរងគ្រោះ យកមក អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរ ។

ក្រោយសួរនាំជនសង្ស័យ ឈ្មោះ អ៊ឺង ឆាយហេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ០១ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភំ្នពេញ បានសារភាពថាខ្លួនពិត ជាយកម៉ូតូរបស់ជនរងគ្រោះ បំរ៉ុងយកទៅលក់ក្នុងរាជធានីភ្នំពេញពិតមែន។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជនសង្ស័យ នៅថ្ងៃទី៤ខែមិថុនានេះ ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ចំណែក វត្ថុតាងដែលដកហូតបានមកវិញ ដោយ មានការឯកភាព ពី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ត្រូវបាន នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបធ្វើការប្រគល់ទទួល ជូនជនរងគ្រោះ យកទៅប្រើប្រាស់ឡើងវិញរួចរាល់ហើយផងដែរ ។

ក្នុងករណីនេះសមត្តកិច្ចក៏សូមធ្វើការអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ដែលប្រកបមុខរបរដូចខាងលើមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីចៀសវាងកើតបញ្ហាដូចដែលបានរៀបរាប់ខាងលើផងដែរ៕