រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបមន្ត្រីជាន់ខ្ពស់អាមេរិក និយាយរឿងពាណិជ្ជកម្មកម្ពុជា-អាមេរិក

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក ដឹកនាំដោយលោកបណ្ឌិត កាល អ៉ីលើ (Karl Ehlers) ឧបការីនៃការិយាល័យតំណាងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្ដើមលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដោយតាមរយៈកម្មវិធីអនុគ្រោះពន្ធ GSP បានធ្វើឲ្យទំហំនៃការនាំចេញរបស់កម្ពុជា ទៅអាមេរិកបានកើនឡើងជាលំដាប់។ ជាពិសេសលើផលិតផលកាបូបធ្វើដំណើរ ដែលមានទំហំប្រមាណជិត ៥០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨។

ជាមួយនោះលោករដ្ឋមន្ត្រី ក៏បានជម្រាបឲ្យដឹងដែរថា ការផ្ដល់ការអនុគ្រោះពន្ធគយនេះ ក៏បានទាក់ទាញវិនិយោគិនអាមេរិកផងដែរ ដូចជាក្រុមហ៊ុនផលិតកាបូបប្រណិតម៉ាក Tumi ជាដើម។

ជាកិច្ចឆ្លើយតប លោកបណ្ឌិត កាល អ៉ីលើ បានសម្ដែងការឯកភាពអំពីការរីកចម្រើន នៃទំហំនៃការនាំចេញរបស់កម្ពុជា ដោយបានជម្រាបជូនថា ប្រទេសកម្ពុជា ជាប្រទេសទទួលផលធំទី៨ ពីកម្មវិធី GSP ហើយការរីកចម្រើននេះផងដែរ ក៏បានឆ្លុះបញ្ចាំងពីចំណុចវិជ្ជមានជាច្រើនក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជា។ ក្រៅពីនេះ លោកបណ្ឌិតក៏បានជម្រាបជូនខ្លះៗផងដែរ អំពីលទ្ធផលនៃកិច្ចពិភាក្សាលើចំណុចមួយចំនួន ដែលបានកំណត់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី០៥ កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ។

លោករដ្ឋមន្ត្រី បានអរគុណចំពោះរបាយការណ៍ ហើយក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនាជិតស្និត ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មបន្ថែមទៀត៕