ទំនាក់ទំនងរវាងចិននិងរុស្ស៊ីវិវឌ្ឍទៅមុខជាបន្តបន្ទាប់ក្នុងដំណាក់កាលល្អបំផុតនៃប្រវត្តិសាស្ត្រ

អន្តរជាតិ៖ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ីនាថ្ងៃទី ៥ ខែមិថុនា ព្រមទាំងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុងSaint Petersburg លើកទី ២៣ ។ ឆ្នាំ២០១៩នេះជាខួបទី៧០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងរុស្ស៊ី ។ ប្រទេសទាំងពីរធ្លាប់បានថ្លែងជាច្រើនលើកថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតនៃប្រវត្តិសាស្ត្រ ។ លោកប្រធានរដ្ឋចិន ស៊ីជីនភីងបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនេះ នឹងជំរុញទំនាក់ទំនងរវាងចិននិងរុស្ស៊ីឱ្យចេញដំណើរពីចំណុចចាប់ផ្តើមថ្មីនៃយុគសម័យថ្មីដែលទទួលបានការអភិវឌ្ឍកម្រិតខ្ពស់កាន់តែច្រើន ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រមុខរដ្ឋចិននិងរុស្ស៊ីបានជួបពិភាក្សាការងារច្រើនជាង ២០ ដង ហើយបានបង្កើតទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធនិងមិត្តភាពយ៉ាងជ្រាលជ្រៅ។ចំណងការទូតថ្នាក់ប្រមុខរដ្ឋបានក្លាយជាចំណុចលេចធ្លោបំផុតមួយនៃភាពចាស់ទុំនិងស្ថិរភាពសម្រាប់ទំនាក់ទំនងរវាងចិននិងរុស្ស៊ី។កាលពីខែមេសា ឆ្នាំនេះ លោកប្រធានាធិបតីភូទីនបានមកប្រទេសចិនដើម្បីចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”លើកទី ២ ។មិនដល់ពីរខែផង លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញទៅប្រទេសរុស្ស៊ីដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង St. Petersburg ។តួនាទីគំរូជាវិជ្ជមាននៃការរចនាពីលំដាប់កំពូលនិងការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានក្លាយជាគំរូមួយសម្រាប់ចំណងការទូតថ្នាក់ប្រមុខរដ្ឋកម្រិតខ្ពស់ដែលបង្ហាញពីលក្ខណៈពិសេស សារៈសំខាន់និងកម្រិតខ្ពស់នៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី។លោក Sergey Luzyanin ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវចុងបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានថែ្លងកាលពីពេលថ្មីៗនេះ ថា វត្តមានរបស់លោកប្រធានរដ្ឋចិន ស៊ីជីងភីង ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង St. Petersburg នឹងលើកកម្ពស់យ៉ាងច្បាស់លាស់នូវឋានៈនៃវេទិកានេះ។

ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានការផ្លាស់ប្តូរស្មុគស្មាញយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ ប្រទេសចិននិងរុស្ស៊ីតែងតែគោរពជានិច្ចនូវផ្លូវអភិវឌ្ឍន៍របស់គ្នានិងគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក គាំទ្រគ្នាយ៉ាងរឹងមាំក្នុងបញ្ហាដែលយកចិត្តទុកដាក់សំខាន់ៗនិងពាក់ព័ន្ធផលប្រយោជន៍ជាស្នូលរបស់គ្នាទៅវិញទៅមក នេះជាមូលហេតុសំខាន់ដែលទំនាក់ទំនងរវាងចិននិងរុស្ស៊ីវិវឌ្ឍទៅមុខដោយនឹងនរនិងជាប់រហូត។ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានក្លាយទៅជាទំនាក់ទំនងរវាងមហាអំណាចទាំងពីរដែលមានកម្រិតជឿទុកចិត្តគ្នាខ្ពស់បំផុត កម្រិតកិច្ចសហប្រតិបត្តិការខ្ពស់បំផុតនិងមានតម្លៃយុទ្ធសាស្រ្តខ្ពស់បំផុត។ពេលបច្ចុប្បន្ននេះ ឧត្តមភាពក្នុងផ្នែកនយោបាយនៃប្រទេសទាំងពីរកំពុងក្លាយទៅជាសមិទ្ធផលជាក់ស្តែង និម្មាបនកម្មសហប្រតិបត្តិការដែលអំណោយផលដល់គ្នាទៅវិញទៅមកក្នុងគ្រប់ទិសដៅ ស្រទាប់និងវិស័យកំពុងត្រូវបានបង្កើតឡើង ព្រមទាំងកំពុងបង្កើតនូវកម្លាំងចលករខាងក្នុងយ៉ាងខ្លាំងក្លាជារៀងរាល់ថ្ងៃ។ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងរុស្ស៊ីបានឡើងដល់ជាង១សែនលានដុល្លារអាមេរិក។ លោកភូទីនធ្លាប់បានថ្លែងថា ទិន្នន័យនេះមានសារៈសំខាន់ណាស់ ពាណិជ្ជកម្មទ្វេភាគីបានឆ្លុះបញ្ចាំងពីសភាពការណ៍នៃការអភិវឌ្ឍនៃទំនាក់ទំនងប្រទេសទាំងពីរ ដែលជាលទ្ធផលនៃការបង្កើនការជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងរុស្ស៊ីខិតជិតមកដល់ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងរុស្ស៊ីកំពុងស្វាគមន៍ “ឆ្នាំប្រមូលផល”មួយទៀត ។ មួយសប្តាហ៍មុន ស្ពានហាយវេទីមួយនៅតាមព្រំដែនរវាងប្រទេសទាំងពីរបានតភ្ជាប់គ្នាដោយជោគជ័យ ហើយស្ពានផ្លូវដែកទីមួយក៏នឹងជិតបញ្ចប់ការសាងសង់ ព្រមទាំងបំពង់ឧស្ម័នធម្មជាតិខាងកើតរវាងចិននិងរុស្ស៊ីក៏នឹងត្រូវតភ្ជាប់និងប្រើប្រាស់ក្នុងឆ្នាំ២០១៩នេះផងដែរ ។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យថាមពល ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកម្រិតខ្ពស់ កិច្ចការពាណិជ្ជកម្មអេឡិចត្រូនិក កសិកម្ម ការអភិវឌ្ឍប៉ូលខាងជើងនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាដើមក៏មានការរីកចម្រើនជាច្រើនផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ លោក Dmitry Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា និន្នាការវិនិយោគរបស់ចិនទៅលើរុស្ស៊ីមិនថយក្រោយទេ គឺមានការកើនឡើងយ៉ាងខ្លាំង ។ ក្នុងរយៈពេល៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូត ទំនាក់ទំនងចិននិងរុស្ស៊ីបានឆ្លងកាត់បញ្ហាប្រឈមគ្រប់បែបយ៉ាងដូចជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រនិងក្នុងស្រុករៀងៗខ្លួនផងដែរ ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមការប្រឈមនឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីបស្ចិមប្រទេស ប្រទេសរុស្ស៊ីបានបញ្ចេញសំឡេងផ្តួចផ្តើមឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ព្រមទាំងប្រឆាំងនឹងការការពារនិយមតាមរយៈវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង Saint Petersburg ជាដើម ។ នៅក្រោមសភាពការណ៍ដែលឯកតោភាគីនិយមនិងការការពារនិយមបានងើបឡើង ក៏ដូចជាប្រព័ន្ធនិងរបៀបវារៈអន្តរជាតិត្រូវបានរងនូវបញ្ហាប្រឈមក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ការប្តេជ្ញាចិត្តយ៉ាងមុតមាំនិងសកម្មភាពជាក់ស្តែងរបស់ប្រទេសចិននិងរុស្ស៊ីក្នុងការរួមសហការគ្នាដើម្បីគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ព្រមទាំងយុត្តិធម៌និងសច្ចធម៌អន្តរជាតិ គ្មានអ្វីគួរឲ្យសង្ស័យទេ ហើយបានដើរតួនាទីជាវិជ្ជមានដូចម៉ាស៊ីនលំនឹងមួយ ។ ដោយឈរលើចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្រថ្មី កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីច្បាស់ជានឹងទទួលបានផ្លែផ្កាជាមិនខាន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពី ក៏ដូចជានឹងនាំមកនូវក្តីសង្ឈឹមថ្មីដល់ការអភិវឌ្ឍលើពិភពលោក ។