បុរសម្នាក់ជិះម៉ូតូ១គ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តក្រុមហ៊ុន មានជ័យ វីអាយភី អ៊ិចប្រេស្ស បោះពួយលឿនទៅប៉ះ បណ្តាលឲ្យរងរបួសយ៉ាងដំណំ

(ពោធិ៍សាត់)៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរបានកើតឡើងដោយរថយន្តក្រុមហ៊ុន មានជ័យ វីអាយភី អ៊ិចប្រេស្ស បានបោះពួយលឿន ខណៈពេលដែលមានបុរសម្នាក់បានជិះម៉ូតូ១គ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏បុកប៉ះរងរបួសយ៉ាងដំណំ ។

ជនរងគ្រោះឈ្មោះ ឃុត ឈឺន អាយុ៥១ឆ្នាំ ភេទប្រុស រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ អ្នកបើករថយន្ត ឈ្មោះ ត្រា សុផលភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោលពាក់ស្បែង ឃុំស្នឹង ស្រុកបាណន ខេត្តបាត់ដំបង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ៈ២០នាទីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ២០៦-២០៧ ស្ថិតក្នុងភូមិព្រៃផ្តៅ ស្រុកបាកាន ។។

តាមប្រភពសាក្សីដែរបានឃើញហេតុការណ៍បានប្រាប់ថា៖ មុនកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-7100 លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវពីជើងទៅត្បូង មិនប្រយ័ត្ន ត្រូវរថយន្តម៉ាក ហៃយ៉ាស់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-2177 របស់ក្រុមហ៊ុន មានជ័យ វីអាយភី អ៊ិចប្រេស្ស បើកបោះពួយយ៉ាងលឿន ទៅកៀរបណ្តាលឲ្យដួល រងរបួសធ្ងន់អ្នកបើកបរម៉ូតូ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងខាងលើ រួចធ្វើការឃាត់ខ្លួនតៃកុង រួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិតីវិធី៕