បុរសម្នាក់បានស្លាប់ ក្រោយជិះម៉ូតូបុករោងបុណ្យលើទ្រូងផ្លូវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ

តាកែវ៖ រោងបុណ្យសង់លើទ្រូងផ្លូវ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលគ្មានដាក់ស្លាកសញ្ញា ឬដាក់ភ្លើងបំភ្លឺ បង្ហាញត្រឹមត្រូវមួយកន្លែង បានបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ សម្លាប់បរុសម្នាក់ កាលពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងដូនកែវ បានឲ្យដឹងថា អ្នកធ្វើដំណើរស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ជាជនជាតិវៀតណាម ឈ្មោះ ហ្វៀង ចាំងចាំង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរដើរទិញអេតចាយ ស្នាក់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ដោយធ្វើដំណើរតាមម៉ូតូម៉ាក DAELIM សង់កូរ៉េ ពណ៍ក្រហម បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ក្នុងរបាយការណ៍បានបន្តថា បុរសវៀតណាមរូបនេះ ស្លាប់ដោយសារម៉ូតូរបស់ខ្លួនបុកបង្គោលរោងបុណ្យ ដែលសង់លើទ្រូងផ្លូវ និងគ្មានភ្លើងចំណាំងបំភ្លឺគ្រប់គ្រាន់។

សូមបញ្ជាក់ដែរ បញ្ហាអ្នកជិះម៉ូតូបុករោងបុណ្យ ឬរោងការ មិនមែនជាលើកទីមួយនោះទេ ប៉ុន្តែទោះបីជាមានរឿងដដែលនេះក្ដី ក៏អាជ្ញាធរក្រុងដូនកែវ នៅតែបន្តអនុញ្ញាតដល់ពលរដ្ឋសាង់រោងបុណ្យ ឬរោងការ ដល់ពាក់កណ្ដាលផ្លូវ ឬស្ទើរបិទផ្លូវទាំងស្រុងតែម្ដង៕