សម្តេច​ហ៊ុនសែន ចោទ​មេដឹកនាំ​សិង្ហ​បុរី​ថា​ បានរួម​ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាងពិត​ប្រាក​ដ

ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បង្ហោះ​ សារ​ទាំង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​លើ​ទំព័រ​ហ្វេ ស​ប៊ុ​ក​ទាំង​ពាក់​កណ្តាលយប់​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ ជា​ប្រតិកម្ម​តបត​មួយ​ទៅ​លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ដែល បាន​លើកឡើងថា «​វៀតណាម​ឈ្លានពាន​កម្ពុជា​ក្នុងអំឡុង​ទសវត្សរ៍​៨០ …​ហើយ​ពួកខ្លួន អាស៊ាន​៥ ប្រទេស​បានរួម​គ្នា​ប្រឆាំង​ការឈ្លានពាន របស់​វៀតណាម​មកលើ​កម្ពុជា​និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជំនួស​ខ្មែរក្រហម​»​។ នៅក្នុង​សារ​របស់​សម្តេច​បាន​ចោទប្រកាន់​មេដឹកនាំសិង្ហ​បុរី ថា​មេដឹកនាំ​សិង្ហ​បុរី​បាន​ចូលរួមចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាងពិត​ប្រាកដ ព្រមទាំង​បាន​លើក​សំណួរ​ទៅកាន់​នាយករដ្ឋមន្ត្រី សិង្ហ​បុរី​ថា​តើ​លោក​ចាត់ទុក​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​កន្លងទៅនេះ​ជាការ​ត្រឹមត្រូវ​ដែរឬទេ​? ។​

នៅក្នុង​សារលិខិត​នៅតាម​រយៈ​ហ្វេ​ស​បុក​នេះ​សម្តេច​បានសរសេរថា​៖«​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់​ដែល ឯ​ឧ នាយករដ្ឋមន្ត្រី សឹង្ហ​បុរី លី ស៊ាន​ឡុង បាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី ៣១​ខែឧសភា​កន្លង​ទៅដោយ​លើកឡើងថា ” ពេលដែល​គាត់​(​ឧ​ត្ត​ម​សេនី​យ៏ព្រេ​ម​)ធ្វើជា​នាយករដ្ឋមន្ត្រី (​ថៃ​)គាប់​ជួន​នឹង​ពេលដែល​សមាជិក ASEAN (​កាលនោះ​គ្នា​យើង ៥ ប្រទេស​)​រួមគ្នា​ប្រឆាំង​ការ​ឈ្លា​នពាន​របស់​វៀតណាម​មកលើ​កម្ពុជា​និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជំនួស​ខ្មែរក្រហម​។​…”​ការលើកឡើង​នេះ​បង្ហាញថា​កាលនោះ​សឹង្ហ​បុរី បាន​គាំទ្រ​របប​ប្រល័យ​ពូជ​សាស​ន៏​និង​ចង់​ឲ្យ​របប​ប្រល័យ​ពូជ​សាស​ន៏​វិល​ត្រឡប់មក​កម្ពុជា​វិញ​ដែរ​។​

​សឹង្ហ​បុរី​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រជុំ​ដែល​នាំ​ដល់​ការបង្កើត​រដ្ឋាភិបាលចំរុះ​ត្រីភាគី​កម្ពុជា​ប្រជាធិបតេយ្យ​និង​អូសបន្លាយ​សង្គ្រាម​នៅ​កម្ពុជា និង​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុ​ជាជាង​១0​ឆ្នាំ​ថែមទៀត​ហើយ​ដែល​ស្មើនឹង​ការប្រឆាំង​នឹង​ការ​រស់​ឡើងវិញ​របស់​ប្រជា ជន​កម្ពុជា​ផងដែរ​។​ការ លើកឡើង​នេះ​ក៏​ជាការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ជួយ​រំដោះ​កម្ពុជា ឲ្យ​រួច​ផុតពី របប​ប្រល័យ​ពូជ​សាស​ន៏​នោះ​។​

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម លី ស៊ាន​ឡុង នាពេលនេះ​ក៏បាន​បង្ហាញ​ប្រជាជន​សាំង​កាពួ​និង​ពិភពលោក​ថា​មេដឹកនាំ​សឹង្ហ​បុរី​នាពេលនោះ បានរួម​ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាងពិត​ប្រាកដ​។​

​ចុងក្រោយ​នេះ​ខ្ញុំ​ចង់​សួរ ឯ​.​ឧ​នាយករដ្ឋមន្ត្រី លី ស៊ាន​ឡុង​ថា​តើ​គាត់​ចាត់ទុក​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​កន្លងទៅនេះ​ថា​ជាការ​ត្រឹមត្រូវ ដែរ​ឬ​អត់ ?»​។​

​សូមរំលឹកថា លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង កាលពី​ថ្ងៃទី ៣១ ឧសភា​បានសរសេរថា​៖«​ក្នុងអំឡុង​ពេលដែល​លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ​នោះ វា​ក៏​ជា​ពេលដែល​សមាជិក​អាស៊ាន​ទាំង​៥​នៅពេលនោះបាន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​វៀត​ណា​ម​មកលើ​កម្ពុជានិង​រដ្ឋាភិបាល​កម្ពុជា (​ពេលនោះ​) ដែល​មក​ជំនួស​របប​ខ្មែរក្រហម​»​។ លោក លី សៀន​ឡុង សរសេរ​បន្តទៀតថា​៖«​ប្រទេស​ថៃ​បាន​ប្រឈម​នឹង​កងទ័ព​វៀតណាម​នៅតាម​បណ្តោយ​ព្រំដែន​របស់ខ្លួន​ជាមួយ​កម្ពុជា​។ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម បានសម្រេច​ចិត្ត​យ៉ាង​មុតមាំ​ដោយ​មិន​ទទួលយក​អ្វីដែល​កំពុង​កើតឡើង​នោះ ហើយ​បានធ្វើការ​ជាមួយ​ដៃគូ​ក្នុង​អាស៊ាន​ដើម្បី​ប្រឆាំង​វៀតណាម​នៅតាម​វេទិកា​អន្តរជាតិ​នានា​»​។​

​បន្ទាប់បី​លោក លី ស៊ា​វ​ឡុង បញ្ចេញ​សារ​បែបនេះ លោក ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ ក៏បាន​សំដែង​ការហួសចិត្ត ហើយ​សរសេរ​ប្រតិកម្ម​ជា​ភាសា​អង់គ្លេស​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយមាន​ភ្ជាប់​សារ​របស់ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ផង​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ហួស​ពី​ការភ្ញាក់ផ្អើល​នៅពេល​បានឃើញ​សារ​របស់​នាយករដ្ឋមន្ត្រី លី សៀន​ឡុង នេះ​»​

​លោក ហ៊ុន ម៉ា​នី បាន​សរសេរ​ទៀតថា​៖«​បើទោះជា​វា​ជា​ការណ៍​ពិត​នៃ​ភូមិសាស្ត្រ​នយោ បាយ ឬ​ជាការ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​ជាតិ​របស់ខ្លួន​ក៏ដោយ គេ​មិនគួរ​មើលរំលង ឬ​បំភ្លេច​អំពើ​ឃោរឃៅ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ប្រព្រឹត្ត​ដោយ​ពួក​ខ្មែរក្រហម​នោះទេ​»​«​ការជួយ សង្គ្រោះ​[​ពលរដ្ឋ​កម្ពុជា​] គឺ​បានមកពី​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​ប្រទេស​វៀតណាម​»

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម នៅ​ថ្ងៃទី​៤ ខែមិថុនា បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការលើកឡើង​របស់​មេដឹកនាំ​សិង្ហ​បុរី​ដែល​ធ្វើឡើង​អំឡុងពេល​កិច្ចសន្ទនា​សន្តិសុខ Shangri-La និង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ។ វៀតណាម​ចាត់ទុក​សម្ដី​លោក លី ថា មិនបាន​ឆ្លុះបញ្ចាំង​ការពិត​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា​៖ «​វៀតណាម​មានការ​សោកស្ដាយ​ចំពោះ​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នា​កិច្ចប្រជុំ​Shangri-La និង​នៅលើ​ហ្វេ​ស​ប៊ុ​ក ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ ហើយ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ក្នុងចំណោម​សាធារណមតិ​។​»

​មន្ត្រី​ក្រសួងការបរទេស​វៀត​ណា​ម​ដដែល​បន្តថា​ក្នុងនាម​ជា​សមាជិក​សកម្ម និង​មានការ​ទទួលខុសត្រូវ​របស់​អាស៊ាន វៀតណាម បាន និង​បន្ត​ធ្វើការ​ជាមួយ​សមាជិក​ដទៃទៀត​ដើម្បី​កសាង​សហគមន៍​អាស៊ាន​ដ៏​រឹងមាំ​ប្រកបដោយ​ការរួបរួម និង​សាមគ្គីភាព ហើយ​ដើរតួនាទី​ស្នូល​នៅក្នុង​តំបន់​៕