ក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង 5G ជាមួយក្រុមហ៊ុនរុស្ស៊ី

អន្តរជាតិ៖ ក្រុមហ៊ុន Huawei របស់ប្រទេសចិន ដែលត្រូវបានគេចាត់ទុកជាការគំរាមកំហែង ផ្នែកសន្តិសុខនៅអាមេរិកកាលពីថ្ងៃពុធ ទី៥ ខែមិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS ដើម្បីអភិវឌ្ឍបណ្តាញ 5G នៅក្នុងប្រទេសនេះនៅឆ្នាំក្រោយ ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅខាងក្រៅជំនួបកំពូលរវាងមេដឹកនាំចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងទីក្រុងម៉ូស្គូ ។ MTS បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងនេះនឹងបង្ហាញពី «ការអភិវឌ្ឍបច្ចេកវិទ្យា 5G និងការចាប់ផ្តើមសាកល្បងនៃបណ្តាញជំនាន់ទី 5 ក្នុងឆ្នាំ 2019-2020 » ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល លោក Guo Ping នាយកក្រុមហ៊ុន Huawei បានថ្លែងថាលោកមានការសប្បាយរីករាយ ជាមួយកិច្ចព្រមព្រៀងដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ 5G នេះ ។

ក្រុមហ៊ុនទូរគមនាគមន៍ចិន កើតមានភាពចលាចលចាប់តាំងពីខែឧសភាមក នៅពេលដែលរដ្ឋបាលលោក ត្រាំ បានហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យលក់ឧបករណ៍បច្ចេកវិទ្យាខ្ពស់ ទៅឱ្យក្រុមហ៊ុន Huawei ពីបទសង្ស័យថា Huawei កំពុងធ្វើចារកម្មឱ្យទីក្រុងប៉េកាំង ។

ក្រុមអ្នកជំនាញនិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមាន ក្នុងរយៈពេលបីខែដែលជាការគំរាមកំហែងដល់ការរស់រានរបស់ក្រុមហ៊ុន ដែលពឹងផ្អែកទៅលើបន្ទះសៀគ្វីរបស់អាមេរិក ។

ក្រុមហ៊ុនមួយចំនួន បានស្ថិតនៅឆ្ងាយពីក្រុមហ៊ុន Huawei រួមមាន ក្រុមហ៊ុន Google ដែលប្រព័ន្ធ Android បំពាក់ឧបករណ៍ភាគច្រើននៃស្មាតហ្វូននៅក្នុងពិភពលោក ។ (AFP ថ្ងៃទី៦ ខែមិថុនា)