មន្រី្តកាំកុងត្រូចុះពិនិត្យទំនិញនៅផ្សារតាខ្មៅ

កណ្តាល៖ ការបរិភោគអាហារ និងចំណីអាហារដែលគ្មានសុវត្ថិភាព គឺធើ្វឲ្យអ្នកទិញប្រើប្រាស់ និងបរិភោគ តែងតែជួបប្រទះនឹងបញ្ហាមួយចំនួន ដូចជារាគក្អួត វិលមុខ ឈឺក្បាល ហើយក្នុងករណីខ្លះធើ្វឲ្យបាត់បង់អាយុជីវិតទៀតផង នៅពេលដែលបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យមានការយឺតយ៉ាវ ។ លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្ដាល បានជំរាបដល់អាជីវករ និងប្រជាពលរដ្ឋនៅក្នុងផ្សារតាខ្មៅ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឪកាសដែល លោកបានសហការជាមួយមន្រី្តមន្ទីរពាណិជកម្ម ខេត្ត គណៈកម្មការផ្សារចុះពិនិត្យមុខទំនិញដែលកំពុងដាក់តាំង និងលក់តាមតូប និងផ្ទះ ។

លោក បានបញ្ជាក់បន្ថែមចំពោះអាជីវករទាំងអស់ ត្រូវតែមានភាពស្មោះត្រង់ក្នុងមុខជំនួញ ពិសេសជាមួយប្រជាពលរដ្ឋ ដែលបានមកទិញទំនិញរបស់ខ្លួនយកទៅប្រើប្រាស់ និងបរិភោគ ។ ភាពមិនស្មោះត្រង់ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន វានឹងជះឥទ្ធិពលច្រើនយ៉ាងនៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ដល់ស្ថាប័នពាក់ព័ន្ធដែលទទួលខុសត្រូវលើម្ហូបអាហារដែលត្រូវតែមានសុវត្ថិភាព និងគុណភាព ក្នុងការឲ្យប្រជាពលរដ្ឋបរិភោគ ។

ចំពោះបញ្ហាសុវត្ថិភាពចំណីអាហារនេះ លោកក៏បានបញ្ជក់ផងដែរថា កន្លងមកក្នុងពេលដែលក្រុមការងារចុះពិនិត្យទំនិញនៅតាមទីផ្សារ តែងមានជួបអាហារមួយចំនួនមិនមានសុវត្ថិភាពនោះឡើយ ។ តែបច្ចុប្បន្នដោយសាខាកាំកុងត្រូតែងតែបានផ្សព្វផ្សាយជូនដល់អាជីវករ និងប្រជាពលរដ្ឋជារឿយៗ ធើ្វឲ្យការចុះពិនិត្យរយៈពេលក្រោយៗនេះ គូបផ្សំ និងការផ្ដល់រថយន្តមន្ទីរពិសោធន៏ចល័តពិនិត្យរកសារធាតុពុលនៅលើមុខទំនិញបានដឹងភ្លាមៗរបស់ក្រសួងផងនោះ លទ្ធផលដែលក្រុមការងារបានឃើញ មានការថយចុះយ៉ាងច្រើននោះ ក៏ដោយសារអាជីវករបានយល់ដឹងពីសារៈសំខាន់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ និងក៏ជាការបង្ហាញពីទំនុបចិត្តរបស់ប្រជាពលរដ្ឋលើអាជីវករដែរ ។

ក្រុមកាងារបានធើ្វការត្រួតពិនិត្យ ដោយធើ្វតេស្តបឋមរកសារធាតុគីមីតាមរយះរថយន្តមន្ទីរពិសោធន៏ចល័តលើផលិតផល៣៩គំរូ រួមមាន៖នំបញ្ចុក ប្រហុក កន្ធំថេត ស្ពៃក្តោប ជី ត្រសក់ សណ្តែកគួរ ស្លឹកគ្រៃ ភ្លៅកង្កែបត្របវែង ត្រយូងចេក ផ្កាស្នោរ មើមខ្ទឹម ម្ទេស ព្រលឹត… គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ណែម ប្រហិត គុយទាវ បាញ់កាញ់ និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លទ្ធផល ប្រហុក ១គំរូ (ក្នុង៣គំរូ) មានវត្តមានសារធាតុគីមីហាមឃាត់ Formalin កន្ធំថេត ១គំរូ (ក្នុង២គំរូ) និងជីមានសំណល់ថ្នាំកសិកម្ម នៅក្នុងគំរូផលិតផលទាំងនោះ និងបានធ្វើការដកហូតប្រហិតកញ្ចប់នាំចូលពីប្រទេសថៃ ចំនួន១៣,៥០គីឡូក្រាម ហួសរយៈពេលប្រើប្រាស់ យកមករក្សាទុក ដើម្បីដុតកំទេចចោល។

ក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូល បានណែនាំ និងបានផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពជូនដល់អាជីវករ កុំអោយប្រើសារធាតុគីមីហាមឃាត់លើនំបញ្ចុក និងគ្រឿងផ្សំទាំងអស់នោះ ៕ភាវុន