នាយកដ្ឋានកិច្ចការអាស៊ីខាងកើត និងខាងលិចនៃក្រសួងការបរទេសជប៉ុន ជួបសំណេះសំណាលជាមួយអភិបាលខេត្តព្រះសីហនុដេីម្បីស្វែងយល់អំពីសក្តានុពលរបស់ខេត្ត

ព្រះសីហនុ៖ ​នៅថ្ងៃទី ៦ ខែមិថុនាឆ្នាំ២០១៩នាយកតំបន់អាស៊ីខាងកើតនៃនាយកដ្ឋានកិច្ចការអាស៊ីខាងកើតនិងខាងលិចនៃក្រសួងការបរទេសជប៉ុន លោក យូខ្យូ សៃភា បានជួបពិភាក្សាការងារជាមួយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីសក្តានុពលនៃខេត្ត ខណះដែលខេត្តទីសនិរិតីមួយនេះត្រូវបានអ្នកវិនិយោគបរទេសជាពិសេសមកពីប្រទេសចិនបាននឹងកំពុងតែបណ្តាក់វិនិយោគជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលតែងជួយគាំទ្រប្រទេសកម្ពុជាទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ តាមរយៈជំនួបនេះ ឯកឧត្តមអភិបាលខេត្ត ស្នើសុំជប៉ុនជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តនេះទៅធុរជននិងប្រជាជនជប៉ុនដើម្បីអោយពួកគេចូលមកបណ្តាក់ទុននិងកំសាន្តនៅខេត្តព្រះសីហនុ។សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍ចំពោះការវិនិយោគស្របច្បាប់ទាំងអស់ដោយមិនប្រកាន់ថា ចិន ជប៉ុន អាមេរិក ឬអឺរ៉ុបឡើយ ដោយធានាការពារយ៉ាងគត់មត់ផ្នែកសន្តិសុខ សុវត្ថិភាពស្របតាមច្បាប់។

លោក យូខ្យូ សៃភា បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ បច្ចុប្បន្ននេះពិតជាអភិវឌ្ឍលឿនប្លែកលោក បានកោតសរសើរអភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំខេត្តនេះមានការការអភិវឌ្ឍប្រែមុខមាត់យ៉ាងលឿន។ លោកបញ្ជាក់ថា កន្លងមកជប៉ុន បានជួយអភិវឌ្ឍកំពង់ផែអន្តរជាតិខេត្តព្រះសីហនុជាយូរឆ្នាំមកហើយ នឹងបន្តជួយអភិវឌ្ឍកំពង់ផែនេះតទៅទៀតនិងបានសន្យាថានឹងជួយផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តព្រះសីហនុដល់ប្រជាជនជប៉ុន អ្នកវិនិយោគនិងទេសចរ ដើម្បីជម្រុញវិនិយោគិននិងទេចរអោយចូលមកវិនិយោគនិងមកលេងកំសាន្តនៅខេត្តព្រះសីហនុអោយបានច្រើន៕