កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត”

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត”។ នេះបើ​តាម​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់លើបណ្តេញសង្គមហ្វេសប៊ុក។

“សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ការ​សិក្សា​ពេញ​មួយជីវិត​” ​ដែលមាន​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម​ ៖

​បញ្ញតិ្ត​នៃ «​ការសិក្សា​ពេញ​មួយជីវិត​» ឆ្នាំ​១៩៧២ ជា​បញ្ញតិ្ត​គោល​មួយ​ដែល​បាន​ដាក់បញ្ចូ​ល​ទៅក្នុង​គោលនយោបាយ​អប់រំ​របស់​ប្រទេស​ជឿនលឿន​និង​ប្រទេស​កំពុង​អភិវឌ្ឍ ។ តាមរយៈ​បញ្ញត្តិ​នៃ​ការសិក្សា​ពេញ​ជីវិត​នេះ បាន​លេចឡើង​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូច​ជា​សិទ្ធិ​ទទួលបាន​ការអប់រំ ការចុះឈ្មោះ​ចូល​រៀន និង​គុណភាព​អប់រំ ដែល​មិន​ទាន់​ឆ្លើយតប​នឹង​ការវិវត្ត​របស់​ពិភពលោក (​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ឆ្នាំ​១៩៩០ នៅ​ជម​ទៀន ប្រទេស​ថៃ​) ។ គោលដៅ​នៃ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ត្រូវ​បាន​ពិនិត្យឡើងវិញ​ក្នុង​ឆ្នាំ​២០០០ នៅ​ដា​កាប្រទេស​សេ​ណេហ្កា​ល់ ស្របពេល​ដែល​ប្រទេស​ជឿនលឿន​បាន​ផ្តោត​លើ​ការអប់រំ​ជន​ពេញវ័យ​អំពី​ជំនាញ​វិជ្ជាជីវៈ ដើម្បី​លើ​កម្ពស់​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។​

​ក្នុង​សតវត្ស​ទី​២១​នេះ ការសិក្សា​ពេញ​មួយ​ជីវិត​បាន​កា្លយ​ជា​ប្រធានបទដ៏​សំខាន់​សម្រាប់​ការអប់​រំ ហើយក៏​ជា​ឧបករណ៍​ដែល​មាន​ប្រយោជន៍​សម្រាប់​ទទួល​បាន​សិទ្ធិសេរីភាព ភាពសប្បាយ​រីករាយ និង​ឆ្លើយតប​ទៅ​នឹង​បម្រែបម្រួល​នៃ​តម្រូវការ​ទីផ្សារការងារ ពិសេស ភាពចាំបាច់​នៃ​ការសិក្សា​របស់​ពលរដ្ឋ​គ្រប់​រូប​នៅ​គ្រប់​កាលៈទេសៈ​ផងដែរ ។​ការសិក្សា​ពេញ​មួយ​ជីវិត​បាន​ក្លាយជា​ស​មាស​ភាគ​សំខាន់​ក្នុង​គោលដៅ​ទី​៤ នៃ​ក្របខណ្ឌ​គោល​នៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ នៅ​អ៊ី​ន​ឈន់ សាធារណរដ្ឋ​កូរ៉េ ពោល​គឺ «​ធានា​ឲ្យ​ការអប់រំ​មាន​គុណភាព​ប្រកបដោយ​សមធម៌ បរិយា​ប័ន្ន និង​លើកកម្ពស់​ឱកាស​ក្នុង​ការសិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា » ។​

​នៅពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​អប់រំ​កម្ពុជា​មាន​ការរីកចម្រើន​ខាង​បរិមាណ​គូរ​ជាទី​មោទនៈ​ជាពិសេស នៅ​កម្រិត​បឋមសិក្សា ។

ទោះបីជា​យ៉ាងនេះក្តី បញ្ហា​សិស្ស​បោះបង់​ការសិក្សា និង​គុណភាព​សិក្សា​នៅ​តែ​ជា​ក្តីកង្វល់​នៅឡើយ ។ ជាក់ស្តែង អត្រា​ពិត​នៃ​ការសិក្សា​នៅ​បឋម​សិក្សា​មាន​ប្រមាណ​៩៧% នៅ​ទសវត្សរ៍​ចុងក្រោយ​នេះ ។ ប៉ុន្តែ សិស្ស​ដែល​អាច​បញ្ចប់​ការសិក្សា​នៅ​បឋម​សិក្សា​មាន​ប្រមាណ​៨០% បញ្ចប់​មធ្យមសិក្សា​បឋម​ភូមិ​មាន​ប្រមាណ​៤០% និង​មធ្យមសិក្សា​ទុតិយភូមិ​មាន​ប្រមាណ​២០% ។ ការវាយតម្លៃ​ថ្នាក់ជាតិ​លើ​មុខវិជ្ជា​ភាសា​ខែ្មរ​និង​គណិតវិទ្យា​ក៏​បាន​បង្ហាញ​ផងដែរ​ថា សិស្ស​ស្ទើរតែ​ពាក់កណ្តាល​ដែល​បាន​ចូលរួម​ក្នុង​ការវាយតម្លៃ​នៅ​ថ្នាក់​ទី​៣ ទី​៦ ទី​៨ មិន​ទទួលបាន​ចំណេះដឹង​ដូច​ការរំពឹងទុក​នោះទេ ។​

ដោយសារ​មាន​ការខិតខំ​ពី​គ្រប់ភាគី​តាមរយៈ​កម្មវិធី​អប់រំ​ក្នុង​ប្រព័ន្ធ ក្រៅ​ប្រព័ន្ធ និង​មិន​ផ្លូវការ អត្រា​អក្ខរកម្ម​ជន​ពេញវ័យ​អាយុ​១៥​ឆ្នាំ​ឡើង​មាន ៨០,៥% ស្ត្រី​មាន​៧៥,០% ក្នុងនោះ​អត្រា​អក្ខរកម្ម​នៅតាម​ជនបទ មាន​ត្រឹមតែ​៧៦,៨% ស្រី​៧០,៧% ប៉ុណ្ណោះ​(​អង្កេត​ស្តីពី​សេដ្ឋកិច្ច​សង្គម​កម្ពុជា វិទ្យាស្ថាន​ជាតិ​ស្ថិត ក្រសួង​ផែនការ ២០១៦) ។​

​គោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០០២ បាន​រួមចំណែក​សម្រេច​លទ្ធផល​ខាងលើនេះ តាមរយៈ​ការផ្តល់​ការអប់រំ​គ្រប់​រូបភាព ។ វិសាលភាព​គោលនយោបាយ​នេះ នៅ​មិនទាន់​អាច​ឆ្លើយ​តម​បាន​ទៅ​នឹង​បរិបទ​នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស ទោះ បី​មាន​ភាពស៊ីចង្វាក់​គ្នា​ទៅ​នឹង​បញ្ញត្តិ​នៃ​ការសិក្សា​ពេញ​មួយជីវិត​យ៉ាងណាក៏ដោយ ។ គោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០០២ ត្រូវឲ្យ​ធ្វើ​បច្ចុប្បន្នកម្ម ដោយ​ត្រូវ​ពង្រីក​វិសាលភាព និង​យន្តការ​មួយចំនួនឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ។​

+​ចក្ខុវិស័យ ៖ ផ្នែក​នេះ បាន​លើកឡើង​អំពី​ចក្ខុវិស័យ​របស់​គោលនយោបាយ​ជាតិ​ស្ដីពី ការសិក្សា​ពេញ​មួយជីវិត ដែលមាន​ខ្លឹមសារ​ថា “​អភិវឌ្ឍ​ប្រជាជន​កម្ពុជា​គ្រប់​រូប​អោយ​មាន​វិជ្ជា​សម្បទា បំណិន​សម្បទា កាយសម្បទា និង​គុណសម្បទា ដើម្បី​រួមចំណែក​បង្កើត​សេដ្ឋកិច្ច និង​លើកកម្ពស់​សុខដុម​នីយកម្ម​ជីវិត​បុគ្គល​គ្រួសារ និង​សង្គម តាមរយៈ​ការផ្ដល់​ឪ​កាស​សិក្សា​ពេញ​មួយ​ជីវិត គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង​គ្រប់​មធ្យោបាយ​”​។​

+​គោលបំណង ៖ ផ្នែក​នេះ បាន​លើកឡើង​អំពី​គោលបំណង​របស់​គោលនយោបាយ​ជាតិ​ស្ដីពី ការសិក្សា​ពេញ​មួយជីវិត ដែលមាន​ខ្លឹមសារ​ថា “​ផ្ដល់​ឪ​កាស​និង​គាំទ្រ​អោយ​ប្រជាជន​គ្រប់​រូប​ទទួល​បាន​ការ​សិក្សា​គ្រប់​រូបភាព និង​ប្រើប្រាស់​ចំណេះ​ដឺ​ង​តាម​ជំនាញ​ដែល​ទទួលបាន ដើម្បី​បង្កើត​ប្រសិទ្ធភាព គុណភាព ផលិតភាព​ការងារ និង​ប្រាប់​ចំណូល ស្រប​តាម​យុគ្គសម័យ​បច្ចេកវិទ្យា​គ​មនាគ​ម​ន៏​និង​ព័ត៌មាន និង​សង្គម​ពុទ្ធិ​”​។​