អាជ្ញាធរជាតិអប្សរានឹងរៀបចំសណ្ដាប់ធ្នាប់តូបលក់ដូរនៅមុខប្រាសាទព្រះពិធូរ  

ខេត្តសៀមរាប៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំកែលម្អសោភ័ណភាពនិងសណ្ដាប់ធ្នាប់ការលក់ដូរនៅមុខប្រាសាទព្រះពិធូរ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា រួមនិងអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

កិច្ចប្រជុំបានពិភាក្សាលើផលប៉ះពាល់បណ្ដាលមកពីការលក់ដូរគ្មានសណ្ដាប់ធ្នាប់ ព្រោះទីតាំងលក់ដូរក្នុងពេលបច្ចុប្បន្នបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃនិងសោភ័ណភាពរបស់ប្រាសាទព្រះពិធូរ។ ហេតុដូច្នេះហើយ កិច្ចប្រជុំបានពិភាក្សាស្វែងរកដំណោះស្រាយសមស្របផ្សេងៗនាពេលខាងមុខធ្វើយ៉ាងណាឱ្យតំបន់នោះមានសោភ័ណភាព របៀបរៀបរយឡើងវិញ។

ដើម្បីអនុវត្តន៍ការងារនេះ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារជំនាញរួចហើយ ដែលក្រុមការងារនេះកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួន ស្វែងរកដំណោះស្រាយសមស្របអំពីបញ្ហាខាងលើ៕