នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលវេណេស៊ុយអេឡាទាំងអស់​នៅ​ក្នុងសហរដ្ឋអាមេរិក

(វេណេស៊ុយអេឡា)៖ ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចចិត្តបិទស្ថានទូត និងស្ថានកុង​ស៊ុលវេណេ​ស៊ុយ​អេឡាទាំងអស់​នៅ​ក្នុងសហរដ្ឋអាមេរិក ជាមួយការអះអាងថា នឹងមិនចាត់វិធានការ​ប្រឆាំង​នឹង​មន្ត្រីទូតអាមេរិក​ដែល​កំពុង​ត្រៀមខ្លួនចេញពី​ទីក្រុងការ៉ាកាស់ឡើយ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបរទេស ចុះផ្សាយនៅថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ បានលើក ឡើងដូច្នេះថា៖«ខ្ញុំបានសម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលទាំងអស់របស់វេណេស៊ុយអេឡា នៅក្នុងសហរដ្ឋអាមេរិក…​ហើយមិនតែប៉ុណ្ណោះ ខ្ញុំក៏បានព្រមព្រៀងគ្នាផងដែរជាមួយប្រទេសម៉ិចស៊ីកូ និងអ៊ុយរ៉ាហ្កាយ ក្នុងការអំពាវនាវឱ្យមានកិច្ចសន្ទនា មួយឡើង»។

គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃពុធ បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងទុកពេល៧២ម៉ោងឱ្យមន្ត្រីទូតអាមេរិកទាំងអស់ចាកចេញពីវេណេស៊ុយអេឡា ដោយចោទថាទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមញុះញង់ឱ្យមានរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក តាមរយៈការប្រើប្រាស់គណបក្សប្រឆាំងជា ឧបករណ៍៕