កម្ពុជា ដាក់ឲ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក ( E-passports )

(​ភ្នំពេញ​)៖ ក្រសួងការបរទេស បាន​ជម្រាបជូន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​បរទេស អំពី​ការដាក់​ឲ្យ​ដំណើរការ​នូវ​ច្រកទ្វារ E-gates ដោយ​មិន​បោះត្រា​ចេញ​-​ចូល​លើ​លិខិតឆ្លងដែន​អេ​ឡិ​ក​ត្រូ​និក ( E-passports )​។ ការប្រើប្រាស់​ច្រកទ្វារ E-gates នេះ ដើម្បី​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការចេញ​-​ចូល​របស់​ពលរដ្ឋ​ខ្មែរ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ក្រសួងការបរទេស បាន​លើកឡើងថា ក្រសួង​មហា​ផ្តៃ នឹងដាក់​ឲ្យ​ដំណើរការ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ នូវ​ច្រកទ្វារ​អេ​ឡិច​ត្រូ​និ​ច ( E-gates ) នៅតាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប ដោយ​មិនមាន​បោះត្រា​ចេញ​-​ចូល​លើ​លិខិតឆ្លងដែន​ពលរដ្ឋ​ខ្មែរ​ទៀតឡើយ​។​

​ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បាន​ប្រកាស​ស្នើ​ដល់​ឯកអគ្គរាជទូត​កម្ពុជា ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​បរទេស ពាក់ព័ន្ធ​នឹង​ការមិន​បោះត្រា​ចេញ​-​ចូល​លើ​លិខិតឆ្លងដែន ដែល​ប្រើប្រាស់​ច្រកទ្វារ E-gates ខាងលើ ដើម្បី​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការចេញ​-​ចូល​របស់​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​រលូន​៕​